adverise with khmeread 1

នេះ​គឺជា​ធាតុពិត​របស់​កូរ៉េខាងជើង ដែល​គីម ជុង​អ៊ុន​មិន​ចង់ឱ្យ​ពិភពលោក​មើលឃើញ​

    ​អ្នក​ថតរូប​ដ៏​ក្លាហាន​មួយរូប​បាន​ប្រថុយ​ជាប់គុក​ដើម្បី​លួច​យក​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​របស់​កូរ៉េខាងជើង​ចេញមក​បង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។

​    ​លោក Michal Huniewicz បាន​ថតរូប​ភាពជា​ច្រើន ដែល​លោក​បានដឹងថា គីម ជុង​អ៊ុន​មិន​ចង់ឱ្យ​លោកអ្នក​បានឃើញ​នោះទេ​។ លោក​ថត​វា​បាន​អំឡុង​ការធ្វើដំណើរ​របស់លោក​ទៅ​ប្រទេសមួយ​នេះ មុនពេល​លួច​យក​រូប​ទាំងនេះ​ចេញ​តាមរយៈ​មែ​ម​ម៉ូ​រី​ខាត​មួយ​ដែល​គាត់​លាក់ទុក​យ៉ាង​ជិត​។

​    ​ខុសពី​រូបភាព​ដែល​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​តែងតែ​បង្ហាញ រូបភាព​របស់លោក Huniewicz បាន​ផ្តល់នូវ​ទិដ្ឋភាព​ស្រស់ៗ​នៃ​ប្រទេស​ក្រីក្រ​ដែល​គ្រប់គ្រង​ដោយ​ជន​ផ្តាច់ការ​មួយ​នេះ​ស្តែងៗ​នឹង​ភ្នែក​តែម្តង​។

​    ​គាត់​បាន​ចេញពី​ចិន​ទៅ​កូរ៉េខាងជើង​កាលពី​ឆ្នាំមុន និង​បានធ្វើ​ដំណើរ​ជាមួយ​មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​។ ទាល់​តែមាន​មគ្គុទេសក៍​ដើរ​តាម​ម្នាក់​ទើប​អ្នក​អាច​ដើរទេស​ចរណ៍​នៅ​កូរ៉េខាងជើង​បាន​។

​    ​លោក Huniewicz បានគេច​ពី​ភ្នែក​ដ៏​រវៀសរវៃ​របស់​អ្នក​តាមឃ្លាំមើល​រូបលោក​ដើម្បី​ថតរូប​ទាំងនេះ ដែល​ផ្តល់នូវ​រូបភាព​ស្តែងៗ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កូរ៉េខាងជើង​។

​    ​រូបភាព​ខ្លះ​ត្រូវបាន​ថត​កំពុងធ្វើការ​នៅ​វាលស្រែ ខណៈ​រូបភាព​ផ្សេងទៀត​ថត​ពេល​ប្រជាជន​ធ្វើការ​នៅ​ទីក្រុង​ដ៏​ស្អាត​មាន​អនាម័យ​បំផុត​នៅ​ក្រុង​ព្យុងយ៉ាង​។

​    ​ក្នុង​រូបភាព​មួយ អ្នក​បោសសម្អាត​ផ្លូវ​ជាច្រើន​បាននាំគ្នា​ដើរ​បោស​សំរាម​តាម​ចិញ្ចើមថ្នល់​ក្រោម​ការឃ្លាំមើល​របស់​ទាហាន​ម្នាក់​នៅ​ឧទ្យាន​របស់​ក្រុង​ព្យុងយ៉ាង ហើយ​រូបភាព​ជាច្រើន​ទៀត​បានបង្ហាញ​អ្នកបម្រើ​កំពុងធ្វើការ​ក្នុង​ភោជនីយដ្ឋាន ជាទី​ដែល​រូបភាព​ឃោសនាការ​ត្រូវបាន​ផ្សព្វផ្សាយ​គ្រប់ពេល​នៅលើ​កញ្ចក់​ទូរទស្សន៍​។

​    ​រូបភាព​មួយ​នៃ​បែបបទ​របស់​គយ​បានបង្ហាញ​នូវ​អ្វីៗ​ដែល​មិនអាច​នាំ​ចូលមក​កូរ៉េខាងជើង​។ លោក Huniewicz បាន​លាតត្រដាង​ថា កុំព្យូទ័រ​យួរដៃ​របស់លោក​ត្រូវបាន​ឆែកឆេរ​រកមើល​រឿង​ហូលីវូដ The Interview ជា​រឿង​កំប្លែង​មួយ​ចំអក​ឱ្យ​គីម ជុង​អ៊ុន ដែល​គេ​ហាមឃាត់​ក្នុង​កូរ៉េខាងជើង​៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់