ទីប្រឹក្សាយោធាអ៊ីរ៉ង់ថាអ៊ីរ៉ង់អាចបាញ់ពន្លិចនាវាចម្បាំងអាមេរិកបានដោយប្រើ "អាវុធសម្ងាត់បំផុតចំនួនពីរប្រភេទ"

ការអះអាង​បែបនេះ​កើតឡើង​ចំពេលដែល​ប្រធានាធិបតី​អាមេរិក​ Donald Trump ​និយាយថា ​ក្រសួង​ការពារជាតិ​អាមេរិក​អាច​បញ្ជូនទ័ព ​១.៥០០ ​នាក់​បន្ថែម​ទៅ​កាន់​តំបន់​​មជ្ឈិម​បូព៌ា បន្ទាប់ពីបញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទៅកាន់​តំបន់​។ ​គោលដៅ​នៃ​ការបញ្ជូន​នេះគឺដើម្បី​ទប់ទល់​នឹង​ការ​គំរាម​ពី​អ៊ីរ៉ង់​។​ តែ​អ៊ីរ៉ង់​បាន​ព្រលយ​ថា ខ្លួន​ត្រៀម​ប្រើ​អាវុធ​សម្ងាត់បំផុតពីរប្រភេទ​ដើម្បីបាញ់​ពន្លិច​នាវាចម្បាំង​អាមេរិក ដែល​បញ្ជូន​មកកាន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

លោក​ឧត្តមសេនីយ៍ Morteza Qorbani​ ទីប្រឹក្សា​បញ្ជាការ​យោធា​អ៊ីរ៉ង់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Mizan ​ថា "​អាមេរិក​កំពុង​បញ្ជូន​នាវាចម្បាំង​២​មក​កាន់​តំបន់​។ ​បើ​គេ​ហ៊ាន​​ប្រព្រឹត្ត​អំពើ​ល្ងីល្ងើ​តែ​បន្តិច យើង​នឹង​បញ្ជូន​នាវា​ទាំងនេះ​ទៅ​បាតសមុទ្រ​ជាមួយនឹង​ទាហាន​និង​យន្តហោះ​របស់​វា ដោយ​ប្រើ​កាំជ្រួច​ឬ​សព្វាវុធ​សម្ងាត់​ថ្មី​ពីរប្រភេទ"​។​

ការព្រលយ​ពាក្យ​កំញើញ​នេះ​កើតឡើង​ចំពេល​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាមេរិក​បន្ត​កើនឡើង ក្រោយ​ពី​អាមេរិកបាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​និង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ យន្តហោះ​ទម្លាក់គ្រាប់បែក B-52 ​និង​កងកម្លាំង​កាំជ្រួច​ស្ទាក់​កម្ទេច​កណ្តាល​អាកាស​ Patriot ​ទៅកាន់​មជ្ឈិមបូព៌ា​។​

​ជុំវិញ​ភាព​តានតឹង​នេះ​ដែរ ប្រធានសភា​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​ត្រៀមខ្លួន​ធ្វើជា​អ្នកសម្របសម្រួល​ការចរចា​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បើសិន​​ជា​ខ្លួន​ត្រូវ​បាន​ស្នើ​ឱ្យធ្វើ​។​ ការលើកឡើង​របស់​លោក ​Mohamad Halbousi​ កើតឡើង​ភ្លាម​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ​បាន​មកដល់​ក្រុង​បា​ដាដដើម្បី​ចាប់ផ្តើម​​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...