មិននឹកស្មានថា Simon Cowell ធ្លាប់បានបរិច្ចាគប្រាក់ជាង៣ម៉ឺនដុល្លារស្ងាត់ៗដើម្បីបិទកន្លែងលក់សាច់ឆ្កែមួយនៅកូរ៉េខាងត្បូង

ការក្លាយជាជនល្បីម្នាក់ គឺពិតណាស់សម្បូរទៅដោយប្រាក់ ហើយប្រាក់ទាំងនោះគេយកទៅធ្វើអ្វីក៏បាន។ លោក Simon Cowell ដែលជាសហគ្រិន អ្នកជំនួញ និងអ្នកបង្កើតកម្មវិធីកម្សាន្តទូរទស្សន៍ បានបរិច្ចាគប្រាក់ ៣,២ ម៉ឺនដុល្លារដើម្បីបិទកសិដ្ឋានកាប់សាច់ឆ្កែមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍ បុរសស្រឡាញ់សត្វចិញ្ចឹមរូបនេះបានបរិច្ចាគប្រាក់ ៣២.៦៤០ ដុល្លារទៅសហគមន៍ Humane Society ដើម្បីគាំទ្រភារៈកិច្ចរបស់ខ្លួនក្នុងការបិទកសិដ្ឋានចិញ្ចឹមយកសាច់ឆ្កែក្នុងប្រទេសកូរ៉េខាងត្បូង។ ជាលទ្ធផល ក្រុមសង្គ្រោះសត្វបានសង្គ្រោះសត្វឆ្កែប្រមាណ ២០០ ក្បាលពីកសិដ្ឋានមួយនោះ។ សត្វឆ្កែដែលបានសង្គ្រោះទាំងនោះនឹងត្រូវបញ្ជូនទៅរកទីជម្រកក្នុងប្រទេសអាមេរិក កាណាដា អង់គ្លេស និងហូឡង់។ គោលដៅ គឺយកពួកវាមកចិញ្ចឹម ពោរពេញដោយសេចក្តីស្រឡាញ់។

នាយកប្រតិបត្តិនៃក្រុមហ៊ុន HSI UK លោក Claire Bass បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការបរិច្ចាគសប្បុរសធម៌របស់លោក Simon មានន័យណាស់សម្រាប់ពិភពលោក និងសម្រាប់ពួកយើង ហើយវាផ្តល់នូវការជំរុញដ៏ធំធេងដល់ការអំពាវនាវរបស់យើង ដើម្បីបិទកសិដ្ឋានចិញ្ចឹមយកសាច់ឆ្កែដ៏គួរឱ្យខ្លាចនេះ។ សត្វឆ្កែជាង ២០០ ក្បាលកំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុត ប៉ុន្តែយើងមានឱកាស ដើម្បីជួយសង្គ្រោះពួកវា។ សត្វឆ្កែដ៏គួរឱ្យអាសូរទាំងនេះមានជីវិតរស់នៅដ៏អាក្រក់បំផុតរហូតមកដល់ពេលនេះ ដូច្នេះយើងបានបែងចែកគ្នា ដើម្បីឱ្យពួកវាចេញពីទ្រុងដ៏គួរឱ្យខ្លាចទាំងនោះ ហើយបង្ហាញក្ដីស្រឡាញ់ដល់ពួកវា គ្រែដ៏ទន់ល្មឿយ និងដៃពេញដោយក្ដីស្រឡាញ់ជាលើកដំបូងនៅក្នុងជីវិតរបស់ពួកវា"៕

adverise with khmeread
tiger
Loading ad ...