បន្ទាប់ពីក្រុមហ៊ុន Suzuki ឥឡូវដល់វេនក្រុមហ៊ុន Toyota វិញម្តង ដែលហក់ចូលប្រទេសមីយ៉ាន់ម៉ាដើម្បីសាងសង់រោងចក្ររថយន្ត

ក្រុមហ៊ុន Toyota Motor Corp មានគម្រោងសាងសង់រោងចក្រផលិតរថយន្តនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមកាសែត Yomiuri Shimbun។ សេចក្តីប្រកាសជាផ្លូវការមួយអាចនឹងធ្វើឡើងនៅមុនដំណាច់ខែនេះ ជាមួយការសាងសង់រោងចក្រនេះនឹងចាប់ផ្តើមនៅឆ្នាំនេះ។

រោងចក្រនេះនឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa នៅជាយក្រុង Yangon ហើយនឹងដំឡើងរថយន្តភីកអាប់តាមរយៈផលិតកម្មមួយដែលគេហៅថា Knockdown Production ដែលក្នុងនោះគ្រឿងបន្លាស់នាំចូលពីជប៉ុននិងប្រទេសជិតខាងផ្សេងទៀត នឹងត្រូវផ្គុំបញ្ចូលគ្នានៅរោងចក្រថ្មីនេះ។

មីយ៉ាន់ម៉ាមានប្រជាជនប្រហែល ៥០ លាននាក់គឺប្រហាក់ប្រហែលនឹងកូរ៉េខាងត្បូងនិងអេស្ប៉ាញដែរ។ មីយ៉ាន់ម៉ាក៏ជាប្រទេសសម្បូរមនុស្សវ័យក្មេងផងដែរ ដែលមានអាយុជាមធ្យម ២៧,៩ ឆ្នាំ។ ខណៈដែលប្រទេសនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅទ្វីបអាស៊ី គេបានមើលឃើញកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះនាពេលថ្មីៗនេះ ហើយមីយ៉ាន់ម៉ារំពឹងថាមានកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រចាំឆ្នាំពី ៦ ទៅ ៧ ភាគរយ។

ទោះបីរថយន្តថ្មីប្រហែល ១៧.៥០០ គ្រឿងត្រូវបានលក់នៅក្នុងប្រទេសនេះក្នុងឆ្នាំ ២០១៨ក្តី ក៏ប៉ុន្តែតួលេខនេះបានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ បច្ចុប្បន្ន ក្រុមហ៊ុន Toyota នាំចេញរថយន្តដឹកអ្នកដំណើរនិងរថយន្តធម្មតាប្រមាណ ២.០០០ គ្រឿងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងមួយឆ្នាំ ហើយមើលឃើញទីផ្សារនេះជាទីផ្សារដែលមានសក្តានុពលនៃកំណើនដ៏ខ្ពស់។ គិតត្រឹមខែធ្នូឆ្នាំ ២០១៨ ក្រុមហ៊ុន Toyota មានកន្លែងផលិតរថយន្តនិងគ្រឿងបន្លាស់ចំនួន ៥០ នៅក្នុងប្រទេសនិងតំបន់ចំនួន ២៧។ រោងចក្រនៅមីយ៉ាន់ម៉ាអាចនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រថ្មី។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានអនុវត្តគោលនយោបាយដែលផ្តល់ការអនុគ្រោះពន្ធលើក្រុមហ៊ុនដែលផលិតរថយន្តនៅក្នុងស្រុក។ ក្រុមហ៊ុន Suzuki Motor Corp គឺជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេដែលបានហក់ចូលទីផ្សារមីយ៉ាន់ម៉ា។ ក្រុមហ៊ុនមានរោងចក្រចំនួនពីរនៅក្នុងប្រទេសនេះ ដោយដំឡើងរថយន្តខ្នាតតូច ដែលបច្ចុប្បន្នក្រុមហ៊ុនកាន់កាប់ទីផ្សារជាងពាក់កណ្តាល៕ ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...