បើ​ជោគជ័យ​មែន ទីផ្សារ Software ពិភពលោក​នឹង​ប្រែប្រួល​! Huawei ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​សហភាព​អឺរ៉ុប​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​និង​កុំព្យូទ័រ ដែល​បង្កើតឡើង​ដោយ​ខ្លួនឯង

​ខណៈ​ឥឡូវនេះ​កំពុង​ប្រឈមមុខ​នឹង​ចំណាត់ការ​របស់​ក្រុមហ៊ុន Google ដែល​ដក​ក្រុមហ៊ុន Huawei ចេញពី​ការផ្គត់ផ្គង់​របស់ខ្លួន​បន្ទាប់ពី​ការហាមឃាត់​ដ៏​លើសលប់​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ទៅលើ​ផលិតផល​របស់​ក្រុមហ៊ុន Huawei នៅក្នុង​ប្រទេស​អាមេរិក ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន​ឥឡូវនេះ​ហាក់ដូចជា​កំពុង​បង្កើនល្បឿន​ដើម្បី​បំពេញ​នូវ​បម្រាម​នេះ ដោយ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ឯករាជ្យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​ក្រុមហ៊ុន Huawei Technologies Co កំពុង​ជំរុញ​ទៅមុខ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ទំនើប​បំផុត​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​និង​កុំព្យូទ័រ បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​ចិន​នេះ​ត្រូវបាន​រាយការណ៍​ដោយ​កាសែត Global Times ថា​បានដាក់​ពាក្យសុំ​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​និង​សូ​ហ្វ​វែ​ផ្សេងទៀត​នៅលើ​ទឹកដី​អឺរ៉ុប​ជាមួយ​ការិយាល័យ​កម្មសិទ្ធិបញ្ញា​សហភាព​អឺរ៉ុប (EUIPO) គឺ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​លើ​ក្រុមហ៊ុន Huawei​។​

​វេ​ប​សាយ​របស់ EUIPO បាន​និយាយថា ក្រុមហ៊ុន Huawei បានដាក់​ពាក្យ​យ៉ាងហោចណាស់​សម្រាប់​យីហោ​ប្រព័ន្ធ​ប្រតិបត្តិការ​ចំនួន​បី​ប្រភេទ​គឺ Huawei Ark Compiler, Huawei Ark និង Huawei Ark OS កាលពី​ថ្ងៃ​សុក្រ ជាមួយ​ការបរិយាយ​របស់​ពួកគេ​សរសេរ​បញ្ជាក់ថា ក្រុមហ៊ុន​កំពុង​ស្វែងរក​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​សម្រាប់​សូ​ហ្វ​វែ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ជាច្រើន​ប្រភេទ​។​

​លោក Zhang Yi នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ iiMedia បាន​និយាយថា "​វា​គឺជា​កិច្ចការ​ដ៏​លំបាក ប៉ុន្តែ​វា​មិនមែន​ថា​មិនអាច​ទៅរួច​នោះទេ​។ ប្រសិនបើ​ក្រុមហ៊ុន Huawei ទទួលបាន​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន នោះ​វា​នឹង​ក្លាយទៅជា​ចំណុច​របត់​មួយ​សម្រាប់​ក្រុមហ៊ុន​មិន​ត្រឹមតែ​សម្រាប់​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​ទាំងមូល​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​នឹង​ផ្លាស់ប្តូរ​ទីផ្សារ​សូ​ហ្វ​វែ​បច្ចុប្បន្ន​ដែល​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន​របស់​អាមេរិក​"​។ លោក Wang Yanhui ប្រធាន​ក្រុមហ៊ុន Mobile China Alliance បាន​បន្ទរ​នូវ​ជំហរ​នេះ​ថា "​វិធានការ​របស់​ក្រុមហ៊ុន Huawei មិន​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​នោះទេ បន្ទាប់ពី​ការហាម​ប្រាម​របស់​អាមេរិក​"​។​

​កាលពី​ថ្ងៃទី ១៤ ខែឧសភា ក្រុមហ៊ុន Huawei ត្រូវបាន​ផ្តល់​សិទ្ធិ​លើ​ម៉ាក​យីហោ "Hongmeng" សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ខ្លួន​ដោយ​ការិយាល័យ​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​នៃ​រដ្ឋបាល​កម្មសិទ្ធិបញ្ញា​ជាតិចិន ជាមួយ​លោក Richard Yu Chengdong ប្រធាន​នាយកដ្ឋាន​អាជីវកម្ម​អតិថិជន​របស់​ក្រុមហ៊ុន Huawei បាន​អះអាងថា ក្រុមហ៊ុន​នេះ​មានបំណង​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ខ្លួន​ឆាប់ៗ​នេះ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ដ៏​ខ្លី​ខាងមុខ​។ 

​ដំណឹង​នេះ​កើតឡើង បន្ទាប់ពី​មានការ​លេចឡើង​ថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​យក្ស​ចិន​មួយ​នេះ​មាន​ផែនការ B ក្នុង​ដៃ​ស្រាប់​សម្រាប់​ទីផ្សារ​នៅ​អឺរ៉ុប ជាមួយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង Shenzhen នេះ​តាម​ដឹងបាន​លើកឡើង​កាលពី​ឆ្នាំមុន​ថា ក្រុម​អ្នកបង្កើត App បាន​ផលិត​សូ​ហ្វ​វែ​សម្រាប់ App Store ថ្មី​របស់ Huawei នៅក្រៅ​ប្រទេស​ចិន​, នេះ​យោងតាម​ឯកសារ​នានា​ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន Bloomberg News​។ ក្រុមហ៊ុន​ចិន​នេះ​បាន​ប្រាប់​ដៃគូ​សក្តា​នុ​ពេល​របស់ខ្លួន​ថា នៅត្រឹម​ដំណាច់ឆ្នាំ​២០១៨ ក្រុមហ៊ុន​នឹងមាន​ជនជាតិ​អឺរ៉ុប ៥០ លាន​នាក់​ប្រើប្រាស់ App Store ផ្ទាល់​របស់​ក្រុមហ៊ុន ជាជាង​ប្រើ App Store របស់ Google និង​តាម​ដឹង​ក្រុមហ៊ុន​នេះ​បាន​ចរចា​ជាមួយ​បណ្តា​ក្រុមហ៊ុន​ចែកចាយ​សេវា​អ៊ី​ន​ធឺ​ណេ​ត​ឥត​ខ្សែ​នៅ​អឺរ៉ុប​អំពី​ការធ្វើ​ទីផ្សារ​និង​ផ្សព្វផ្សាយ App Store ថ្មី​របស់ខ្លួន​៕ ប្រភព៖ sputniknews

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...