adverise with khmeread 1

មូលហេតុ​ដែល Beckham ពាក់អាវ​លេខ ៧ ដែល​គេ​ចាត់ទុកថា​ជា​លេខ​នាំ​សំណាង​បំផុត​

​    ​ក្រុមបាល់ទាត់​ចាប់ផ្តើម​ពាក់​លេខ​លើ​អាវ​តាំងពី​ជំនាន់​ក្រុម​កាំភ្លើង​ធំ Arsenal ចាប់ផ្តើម​សាកល្បង​ដាក់​លេខ​នៅលើ​អាវ​កីឡាករ​នៅក្នុង​ឆ្នាំ ១៩២៨​។ តែ​ទោះយ៉ាងណា លេខ​លើ​អាវ​មិនបាន​នាំ​សំណាង​ដល់​ពួកគេ​ទេ ដោយ​ពួកគេ​បាន​ចាញ់​ក្រុម Sheffield Wednesday ៣-២​។

​    ​ប៉ុន្តែ​ក្រុម​បិសាច​ក្រហម Manchester United ឯណេះ​វិញ​ទេ ដែល​បានធ្វើឱ្យ​លេខ ៧ ក្លាយជា​លេខ​ប្រចាំត្រកូល​សម្រាប់​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​ក្លឹប ហើយ​ប្រហែលជា​មានតែ David Beckham ទេ​ដែល​ល្បី​ជាងគេ ពេល​ពាក់អាវ​មួយ​នេះ​។

​    ​David Beckham ធ្លាប់​និយាយថា "​លេខ ៧ គឺជា​លេខ​ជំរុញ​ទឹកចិត្ត​ដល់​ខ្ញុំ ប៉ុន្តែ​វា​មិនមែនជា​លេខ​អាវ​របស់ខ្ញុំ​តែ​ម្នាក់​គត់​នោះទេ​។ វា​ធ្លាប់ជា​អាវ​របស់​កីឡាករ George Best, Bryan Robson និង Eric Cantona​។ ហេតុផល​តែមួយគត់​ដែល​ខ្ញុំ​ចង់​ពាក់អាវ​លេខ ៧ គឺ​ដោយសារ​កីឡាករ​ទាំងនេះ​។ ខ្ញុំ​តែងតែ​ចង់​ពាក់អាវ​លេខ ៧ ខ្ញុំ​មិនដែល​នឹកស្មានថា​ខ្ញុំ​បាន​ពាក់​វា​នោះទេ​។ ហើយ​នៅពេល​អ្នកចាត់ការ​សម្រេច​ចិត្ត​ប្រគល់​វា​ឱ្យ​ខ្ញុំ​ពាក់ វា​ពិតជា​ពិសេស​ណាស់​"​។

​    ​ហេតុអ្វី​បានជា​យើង​ផ្តោត​សំខាន់​លើ​លេខ ៧? សាក​គិត​ទៅដល់​ថ្ងៃ​ក្នុង​សប្តាហ៍​ទៅ​មើល៎ តើ​មាន​ប៉ុន្មាន​ថ្ងៃ​? ហេតុអ្វី​បានជា​យើង​មាន ៧ ថ្ងៃ​? ថ្ងៃ​ទាំង ៧ ក្នុង​សប្តាហ៍​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ផ្អែក​តាម​ភព​សំខាន់ៗ និង​ព្រះអាទិទេព​។ ថ្ងៃ​ចន្ទ (​ព្រះ​ចន្ទ​), ថ្ងៃ​អង្គារ (​ភព​អង្គារ​), ថ្ងៃ​ពុធ (​ភព​ពុធ​), ថ្ងៃ​ព្រហស្បតិ៍ (​ភព​ព្រហស្បតិ៍​), ថ្ងៃ​សុក្រ (​ភព​សុក្រ​) ថ្ងៃ​សៅរ៍ (​ភព​សៅរ៍​) និង​ថ្ងៃអាទិត្យ (​ព្រះអាទិត្យ​)​។

​    ​ការចែក​សប្តាហ៍​ទៅជា ៧ ថ្ងៃ​អាច​យោងទៅលើ​ប្រព័ន្ធ​បា​ប៊ី​ឡូ​ន (Babylonian System)​។ ដោយមាន​ទំនាក់ទំនង​ទៅនឹង​ព្រះ​ចន្ទ មួយ​សប្តាហ៍​គឺ​ស្មើ​ប្រហែល ១ ភាគ ៤ (២៣,៦៥៩%) នៃ​ពេលវេលា​ពី​ព្រះ​ចន្ទ​ថ្មី ទៅ​ព្រះ​ចន្ទ​បន្ទាប់​ទៀត​។ ជនជាតិ​បា​ប៊ី​ឡូ​ន​ប្រារព្ធ​ថ្ងៃសីល​របស់ខ្លួន​រៀងរាល់ ៧ ថ្ងៃ​ម្តង​ដើម្បី​កត់សម្គាល់​ដំណើរ​ទាំង​បួន​ដំណាក់កាល​របស់​ព្រះ​ចន្ទ ដោយ​រាប់​ចាប់ផ្តើម​ចេញពី​រាត្រី​នៃ​ព្រះ​ចន្ទ​ថ្មី ឬ​ព្រះ​ចន្ទ​ពេញវង់ ហើយ​ដំណើរ​ទាំង​បួន​របស់​ព្រះ​ចន្ទ​នេះ​មាន​រយៈពេល ២៩,៥៣ ថ្ងៃ​។​

​    ​ក្នុង​ធម្មជាតិ គេ​ក៏មាន​អច្ឆរិយវត្ថុ​ទាំង ៧ លើ​ពិភពលោក​, ឥ​ន្ធ​ធនូ​ក៏មាន ៧ ពណ៌​, ទ្វីប​ក៏មាន​ចំនួន ៧​។

​    ​* ហេតុអ្វី​បានជា​មនុស្ស​ភាគច្រើន​ជ្រើស​រើសយក​លេខ ៧?
​    ​មនុស្ស​ជាច្រើន​បានជ្រើសរើស​យក​លេខ ៧ ដោយសារ​ហេតុផល​ផ្សេងៗ​គ្នា មិនមែន​គ្រាន់តែ​ហេតុផល​សំណាង​មួយ​មុខ​គត់​នោះទេ​។ មនុស្ស​មួយចំនួន​និយាយថា ពួកគេ​ចេះតែ​ជ្រើសរើស​តាម​គេ​តាម​ឯង​។ ចម្លើយ​ប្រហែលជា​អាច​ស្ថិតនៅក្នុង​ឯកសារ​ចេញផ្សាយ​ក្នុង​ឆ្នាំ ១៩៥៦ ដោយ​អ្នក​ចិត្តសាស្ត្រ លោក George A Miller ដែល​ឯកសារ​នោះ​មាន​ឈ្មោះថា “The Magical Number Seven, Plus or Minus Two”​។ លោក Miller បាន​អះអាងថា វា​អាច​លើសពី​រឿង​ចៃដន្យ​ទៅទៀត ដែល​លេខ ៧ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជុំវិញខ្លួន​របស់​យើង​។

​    ​ការចងចាំ​របស់​យើង​ត្រូវបាន​បញ្ជាក់ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​ព្យាយាម​ចងចាំ​របស់​ចំនួន ៧ ចុះក្រោម​។ យើង​អាច​វែកញែក និង​ធ្វើការ​វិនិច្ឆ័យ​អំពី​រឿង​ចំនួន ៧ ប្រភេទ​ខុសៗ​គ្នា ហើយ​អាច​ចាំ​រឿងរ៉ាវ​ចំនួន ៧ គ្រាន់តែ​ក្រឡេកមើល​មួយ​ឆ្វាច់​។

​    ​ការសិក្សា​មួយ​ក្នុង​ឆ្នាំ ២០០៨ ស្តីពី​ការចងចាំ បាន​បង្ហាញថា ខួរក្បាល​មនុស្ស​ផលិត​ព័ត៌មាន​ល្អ​បំផុត នៅពេល​ទង​នៃ​កោសិកា​សរសៃប្រសាទ​បាន​ទទួល​រំញោច​ពី​លេខ ៧​។ ការសិក្សា​នេះ​លើកឡើងថា យើង​ចងចាំ​ល្អ​បំផុត​ចំពោះ​របស់​ចំនួន ៧ ព្រោះ ៧ គឺជា​របៀប​ដែល​ខួរក្បាល​របស់​យើង​ពេញចិត្ត​ជាងគេ​ដើម្បី​រក្សា​ទិន្នន័យ​។

​    ​មនុស្ស​ភាគច្រើន​ក៏​ចូលចិត្ត​បោះឆ្នោតឱ្យ​លេខ ៧ ដែរ​ពេលធ្វើ​ការបោះឆ្នោត​ស្ទង់​មតិ​លេខ​ពេញចិត្ត​របស់​ពួកគេ​។ ហេតុផល​ដែល​ពួកគេ​ធ្វើបែបនេះ​ប្រហែល​មកពី​មុខងារ​ខួរក្បាល​ដែល​បានលើកឡើង​ក្នុង​ឯកសារ​របស់លោក Miller​។ ឬ​បើ​មិន​ដូច្នោះ​ទេ វា​អាចមកពី​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​លេខ ៧ ដូចដែល David Beckham បានលើកឡើង​។ កេរ្តិ៍តំណែល​លេខ ៧ នេះ​គឺ​ប្រហែល​កើតចេញ​តាំងពី​សម័យ​ជនជាតិ​បា​ប៊ី​ឡូ​ន ហើយ​វា​បាន​ដក់​ជាប់​ក្នុង​ខួរក្បាល​របស់​យើង​រហូតទល់​បច្ចុប្បន្ន​។ ឬ​ប្រហែល​មកពី​លេខ ៧ គឺជា​លេខ​ពិសេស​៕

adverise with khmeread
ប្រភព៖ Business Insider

មតិយោបល់