សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ៖ ចិននឹងបោះបង់ចោលប្រព័ន្ធ Microsoft Windows ងាកមកបង្កើតប្រព័ន្ធកុំព្យូទ័រប្រើដោយខ្លួនឯងវិញ

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានផ្អាកការលក់កុំព្យូទ័រយួរដៃម៉ាក Huawei MateBook X Pro ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិននេះនៅក្នុងហាងអនឡាញរបស់ខ្លួន ដើម្បីគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការហាមឃាត់ក្រុមហ៊ុនចិននេះពីទឹកដីសហរដ្ឋអាម៉េរិក។

ទស្សនាវដ្តី Forbes បានរាយការណ៍ថា ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិននៅតែបន្ត រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងបោះបង់ចោលប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយយោធារបស់ចិន និងជំនួសវាជាមួយប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រថ្មី ដែលផលិតដោយខ្លួនឯង។ ចិនតាមដឹងគឺព្រួយបារម្ភថាសហរដ្ឋអាម៉េរិកអាចនឹងប្រើចំណុចងាយរងគ្រោះរបស់ប្រព័ន្ធ Windows ដើម្បីចូលទៅក្នុងបណ្តាញយោធារបស់ខ្លួន។

ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេត ISILG របស់កងទ័ពរំដោះប្រជាជនចិន តាមសេចក្តីរាយការណ៍ នឹងមានតួនាទីក្នុងការបង្កើតនូវប្រព័ន្ធថ្មីជំនួស Microsoft OS និង ប្រព័ន្ធ UNIX ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពចិនផងដែរ។ កន្លងមកប្រទេសចិនបានចាប់ផ្តើមជ្រើសរើសយកជម្រើសបែបនេះរួចមកហើយ ទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ "Red Flag" ដែលផ្អែកលើ Linux សម្រាប់ជាប្រព័ន្ធមួយដែលអាចនឹងចូលមកជំនួសប្រព័ន្ធរបស់ Microsoft ។ ទោះយ៉ាងណា គំនិតទាំងនេះមិនបានបង្ហាញពីការវិវឌ្ឍច្រើននោះទេ។

លើកនេះ គំនិតនេះត្រូវបានលើកឡើងម្តងទៀតចំពេលសង្គ្រាមពាណិជ្ជកម្មកំពុងបន្តកើតឡើងរវាងចិននិងសហរដ្ឋអាម៉េរិក ដែលថ្មីៗនេះបានឈានដល់របត់ថ្មីមួយ បន្ទាប់ពីវ៉ាស៊ីនតោនបានហាមឃាត់គ្រឿងបរិក្ខាអេឡិចត្រូនិចរបស់ក្រុមហ៊ុន Huawei ពីទីផ្សារក្នុងស្រុករបស់ខ្លួន និង បានព្យាយាមដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុបឱ្យធ្វើដូចគ្នានេះដែរ ដោយលើកឡើងពីបញ្ហាសន្តិសុខអ៊ីនធឺណេត។ សហរដ្ឋអាម៉េរិកបានអះអាងថា ក្រុមហ៊ុន Huawei កំពុងធ្វើការជាមួយរដ្ឋាភិបាលចិន និង ដំឡើងឧបករណ៍ស៊ើបការណ៍នៅក្នុងគ្រឿងអេឡិចត្រូនិចរបស់ខ្លួនដើម្បីធ្វើចារកម្មជំនួសឱ្យប៉េកាំង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...