ស្លាប់ហើយ! ត្រូវឆ្នោតរាប់លានសុខចិត្តបន្តការងារជាអ្នកបោសសំរាមតាមថ្នល់ចិញ្ចឹមជីវិតទៀត

បុរសកាណាដាម្នាក់ បានក្លាយជាសេដ្ឋីលុយ ៥ លានដុល្លារ បន្ទាប់ពីឈ្នះឆ្នោះ British Columbia Lottery ប៉ុន្ដែគាត់អត់មានគម្រោងចាកចេញពីការងារជាអ្នកបោសសំរាមនោះទេ។

តែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រារព្ធខួបកំណើតគម្រប់ ៥៨ ឆ្នាំ លោក Vito Halasan បានត្រូវឆ្នោត ៦ លេខពីការចាប់ឆ្នោតឡូតូនៅថ្ងៃទី ២៧ មេសា។ លោក Halasan បាននិយាយក្នុងកាសែតមួយថា "ខ្ញុំពិតជាព្រិលភ្នែកណាស់ ដូច្នេះខ្ញុំកាន់សន្លឹកឆ្នោតដាក់ចំពីមុខរបស់ខ្ញុំ។ ហើយខ្ញុំស្ទើរតែមិនជឿថាខ្ញុំត្រូវឆ្នោត"។ គាត់ភ្លាមៗបានតេហៅកូនស្រីរបស់គាត់ទាំងញ័រដៃជើង បន្ទាប់ពីជឿជាក់នូវអ្វីដែលបានកើតឡើង។

កូនស្រីរបស់គាត់បាននិយាយថា "គាត់បានមកអង្គុយលើតុ ហើយខ្សឹបប្រាប់ខ្ញុំថា គាត់ត្រូវឆ្នោត ៥ លានដុល្លារ (៧ លានកាណាដា)"។ ប៉ុន្ដែកូនស្រីរបស់គាត់មិនជឿនោះឡើយ។ នាងនិយាយថា "យើងបានឆែកមើលអនឡាញម្ដងហើយម្ដងទៀត"។

គ្រួសាររបស់លោក Halasan បានផ្លាស់ទៅរស់នៅប្រទេសកាណាដាពីប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០០៩។ បច្ចុប្បន្ន គាត់និយាយថា គាត់អាចផ្ដល់នូវជីវិត ដែលគាត់សុបិនចង់បានជាយូរមកហើយសម្រាប់កូនបីនាក់ និងចៅបួននាក់របស់គាត់។ គាត់នឹងទិញផ្ទះមួយខ្នងរស់នៅ។ Halasan បន្តថា "ខ្ញុំទិញឆ្នោត ដូច្នេះខ្ញុំអាចស្រមៃបាន។ ខ្ញុំស្រមៃថា ខ្ញុំមានលទ្ធភាពថែរក្សាកូនរបស់ខ្ញុំ និងជួយឱ្យអនាគតរបស់ពួកគេកាន់តែល្អប្រសើរ"។

ខណៈដែលគាត់អះអាងថា គាត់មិនព្រមលាលែងពីការងាររបស់គាត់ លោក Halasan និយាយថា គាត់នឹងកាត់បន្ថយម៉ោងធ្វើការរបស់គាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត