គួរជួយនាងទេ? នារីហ៊ឺហាម្នាក់នៅអូស្ត្រាលីសុំលុយ ១០ ម៉ឺនដុល្លារពីសប្បុរសជននៅលើផេកមូលនិធិ GoFundMe ដើម្បីបន្តជីវិតសប្បាយៗរបស់នាង

ម្តាយមួយរូប ដែលត្រូវបានគេចោទប្រកាន់ថាបាននាំប៉ូលិសឱ្យជិះប្រដេញនាងអស់ចម្ងាយ ១០គីឡូម៉ែត្រ ដោយបង្កើនល្បឿនដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរថយន្ត Mercedes Benz របស់នាង ខណៈដែលកូនស្រីតូចវ័យជាងមួយខួបរបស់នាងបានអង្គុយនៅពីក្រោយ គឺកំពុងស្នើសុំលុយ ១០០.០០០ ម៉ឺនដុល្លារដើម្បីផ្តល់មូលនិធិផ្គត់ផ្គង់ជីវិតដ៏ស៊ីវិល័យរបស់នាង។

នាង Margarita Tomovska វ័យ ២៧ឆ្នាំ បានទទួលរហស្សនាមដ៏ល្បីល្បាយ៉ាងឆាប់រហ័សថា "Mercedes Mum" បន្ទាប់ពីបង្ហាញខ្លួននៅតុលាការជុំវិញការដេញតាមចាប់នាងនៅក្នុងរថយន្តប្រណីតតម្លៃ ២៦០.០០០ដុល្លាររបស់នាង។

នាងបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន បន្ទាប់ពីបង្ហាញខ្លួននៅឯតុលាការ Wollongong Local Court កាលពីឆ្នាំមុន ដោយបង្អួតនូវគ្រឿងអលង្កាថ្លៃៗ និងវ៉ែនតាប្រែន Gucci ដែលមានតម្លៃ ១.៧២៥ដុល្លារ អាវប្រែន Balmain តម្លៃ ២.៤០០ដុល្លារ និងស្បែកជើងរបស់អ្នករចនាម៉ូតដ៏ល្បីលោក Christian Louboutin។

នាង Tomovska បានបន្តបង្អួតនៅលើបណ្តាញសង្គមនូវសម្លៀកបំពាក់ថ្លៃៗរបស់នាង ឡានទំនើបៗ និងជាញឹកញាប់ចូលទៅកាស៊ីណូ ដែលនាងបានទាក់ទាញអ្នក Follow បានយ៉ាងច្រើន។

បច្ចុប្បន្ននាងកំពុងប្រើប្រាស់បណ្តាញសង្គមរបស់នាងដើម្បីលន់តួសុំលុយជនសប្បុរសដើម្បីផ្តល់មូលនិធិដល់ជីវិតហ៊ឺហារបស់នាង ដោយអះអាងថាការរំលោភបំពានរបស់អង្គភាព Raptor ដែលជាអង្គភាពប្រដេញអ្នកជិះរថយន្តបែបទំនើង និងពាក់ព័ន្ធសកម្មភាពឧក្រិដ្ឋ របស់រដ្ឋ New South Wales ប្រទេសអូស្រ្តាលី បានរារាំងនាងពីការទទួលបានការងារសមរម្យ។

នាង Tomovska បានសរសេរពាក្យពេចន៍ផ្លែផ្កាជាច្រើនទៅលើអង្គភាពខាងលើនៅលើផេកមូលនិធិ GoFundMe និងបានចែកចាយសម្តីទាំងនោះទៅដល់អ្នកគាំទ្ររបស់នាងផងដែរនៅលើ Story ក្នុងបណ្តាញសង្គម Instagram របស់នាង។ ទន្ទឹមនឹងនោះអ្នកនាំពាក្យមួយរូបរបស់នាយកដ្ឋានប៉ូលិស NSW បានបញ្ជាក់ថា នាង Tomovska មិនដែលត្រូវបានស៊ើបអង្កេតដោយអង្គភាព Raptor ឬមិនបានប្រព្រឹត្តដូចអ្វីដែលនាងចោទនោះទេ៕

adverise with khmeread