តើពិភពលោកនឹងទៅជាយ៉ាងណា ប្រសិនបើអត់មានអុកស៊ីសែនត្រឹម ៥ វិនាទី?

សាកស្រមៃមើល៎ថា មានរឿងអ្វីកើតឡើងប្រសិនបើផែនដីអត់មានអុកស៊ីសែន ៥ វិនាទី? មិនច្រើននោះទេ ត្រឹម ៥ វិនាទី មនុស្សយើងអាចអត់ដង្ហើមក្នុងទឹកលើស ៥ វិនាទីឯណោះ។ អ៊ីចឹងមានរឿងអ្វីកើតឡើងចំពោះជីវិតលើផែនដី? តើនឹងមានរឿងអ្វីកើតឡើងចំពោះបរិស្ថាន? ខាងក្រោមនេះ ជាអ្វីដែលនឹងកើតឡើង ប្រសិនបើមិនមាន "អុកស៊ីសែន ៥ វិនាទី"។

តើអ្នកដកដង្ហើមមានអារម្មណ៍យ៉ាងណា? ពិតណាស់ អ្វីដែលអ្នកកំពុងដកដង្ហើមសព្វថ្ងៃ គឺជាអុកស៊ីសែន ដែលយើងដកដង្ហើមពីបរិយាកាស ២១ ភាគរយ ខណៈដែល ៧៨ ភាគរយ គឺជានីដ្រូសែន។ ថ្វីបើវាមិនមែនជាឧស្ម័នច្រើនក្រៃលែងក្នុងបរិយាកាស អុកស៊ីសែននៅតែមានសារៈសំខាន់បំផុតលើផែនដី។ បើគ្មានអុកស៊ីសែន សត្វ រុក្ខជាតិ ទឹក និងមនុស្ស នឹងមិនមានលើលោកនេះទេ។ គ្មានអុកស៊ីសែន ៥ វិនាទីស្ដាប់មើលទៅដូចជាមិនច្រើននោះទេ។ មនុស្សយើងអាចអត់ដង្ហើមបានរហូតដល់ ៣០ វិនាទី ហើយមិនស្លាប់ទេ នៅបានធម្មតាពេលព្រលែងដង្ហើមវិញ។ ប៉ុន្ដែចុះអ្វីផ្សេងទៀតនោះ?

អត់អុកស៊ីសែនត្រឹម ៥ វិនាទី ផែនដីនឹងមើលទៅដូចជាឋាននរក។ ដោយគ្មានអុកស៊ីសែន អ្នកនឹងនិយាយពាក្យ "លាហើយ" ចំពោះសំណង់នានា ដែលត្រូវពឹងផ្អែកទាំងស្រុងលើអុកស៊ីសែន។ សំណង់ទាំងអស់នឹងដួលរំលំភ្លាមៗ ដោយសារតែអុកស៊ីសែនដើរតួនាទីជាភ្នាក់ងារគីមីមួយជួយឱ្យសាច់បេតុងស្អិតជាប់គ្នា។ ហើយប្រសិនបើគ្មានអុកស៊ីសែនទេ បេតុងទាំងឡាយ នឹងក្លាយជាធូលី។ 

និយាយពីអគារ ផ្នែកគ្រោងឆ្អឹងដែកនឹងរួញចូលគ្នាភ្លាមៗ។ នោះដោយសារតែមានស្រទាប់អុកស៊ីដកម្មមួយនៅលើលោហៈ ដែលជួយពួកវាកុំឱ្យរួញចូលគ្នា។ បើគ្មានស្រទាប់ទាំងនោះ លោហៈធាតុទាំងអស់នឹងរួញចូលគ្នា។

ហើយប្រសិនបើអ្នកកំពុងលេងនៅទឹកសមុទ្រក្នុងអំឡុងពេលនោះ អ្នកនឹងរងការរលាកធ្ងន់ធ្ងរពីកម្ដៅព្រះអាទិត្យ ដោយសារតែស្រទាប់អូហ្សូនជាអ្នកការពារយើងពីកម្មរស្មីយូវី ដែលស្រទាប់នេះឯងបង្កើតឡើងដោយអុកស៊ីសែន។ ចំណុចបន្ថែមទៅនឹងរលាកកម្ដៅថ្ងៃនោះ គឺក្រដាសត្រចៀករបស់យើងនឹងផ្ទុះ។ ដោយសារ ការបាត់បង់អុកស៊ីសែន មានន័យថា បាត់បង់សម្ពាធខ្យល់ ២១ ភាគរយ។

ដោយគ្មានអុកស៊ីសែន គឺគ្មានភ្លើងនោះទេ។ ហើយការបញ្ឆេះម៉ាស៊ីនរថយន្ត ឬយានយន្តផ្សេងៗទៀតក៏មិនកើតឡើងបានដែរ។ ហើយពេលនោះ នឹងមានយន្តហោះធ្លាក់ ដោយសារតែម៉ាស៊ីនមិនដំណើរការ និងមានរថយន្តរាប់រយលានគ្រឿងគាំងគ្រប់ទីកន្លែង។ ហើយពេលនោះ ផ្ទៃមេឃទាំងមូលនឹងងងឹត។ មុនពេលប៉ះនឹងផែនដី ពន្លឺមកពីព្រះអាទិត្យនឹងជះភាគល្អិតចម្រុះមកក្នុងខ្យល់អាកាស។ ដោយគ្មានអុកស៊ីសែន នោះភាគល្អិតសំខាន់ៗទាំងនោះនឹងមិនជះចូលខ្យល់អាកាសនោះឡើយ។

នៅមានទៀត ខណៈដែលរឿងខាងលើកើតឡើង ស្រទាប់របស់ផែនដីនឹងប្រេះ។ នោះដោយសារតែស្រទាប់របស់ផែនដី គឺបង្កើតឡើងដោយអុកស៊ីសែន ៤៥ ភាគរយ។ ស្រទាប់ផែនដីនឹងបន្តប្រេះៗរហូតទាល់តែគ្មានអ្វីសេសសល់ ហើយពេលនោះ មនុស្សលោកនឹងធ្លាក់ចុះទៅក្រោមដូចធ្លាក់នរកអ៊ីចឹង។ យ៉ាងណាមិញ រឿងទាំងនេះវាមិនអាចកើតឡើងនោះទេ វាគ្រាន់តែការវិភាគស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រថាតើនឹងមានអ្វីកើតឡើងប្រសិនបើគ្មានអុកស៊ីសែនតែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...