មែនក៏អី? សត្វចម្លែកតាំងពីបុរេប្រវត្តិមួយក្បាល អាចនៅរស់ដល់សព្វថ្ងៃ បន្ទាប់អ្នកវិទ្យាសាស្ត្ររកឃើញរបកគំហើញ "ដ៏ភ្ញាក់ផ្អើល"

តើអ្នកធ្លាប់ឮពីដំណាលរឿងព្រេងនិទានអំពីសត្វចម្លែកស្កុតឡែន Nessie ដែរឬទេ? សត្វចម្លែកដែលគេនិយាយតៗគ្នានេះត្រូវគេនិយាយថាត្រូវបានប្រទះឃើញហែលនៅក្នុងទឹករបស់ស្កុតឡែន។ ជាក់ស្តែង រឿងព្រេងនិទានដ៏ល្បីល្បាញនេះបានដំណាលថា វាត្រូវបានគេគិតថាបានរស់នៅក្នុងបឹង Loch Ness ដែលជាបឹងដ៏ធំមួយនៅក្នុងតំបន់ខ្ពស់រាបស្កុតឡែន។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មានការជជែកវែកញែកជាច្រើនអំពីថាតើសត្វចម្លែកមួយនេះគឺពិតជាមានមែនឬក៏អត់។ ហើយបច្ចុប្បន្នអ្នកវិទ្យាសាស្រ្តក្នុងប្រទេសនូវែលសេឡង់ គិតថាវាគឺមានឱកាសមួយដែលសត្វ Nessie ប្រហែលជានៅរស់ដល់សព្វថ្ងៃពិតប្រាកដមែន។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃចន្ទទី៣មិថុនា២០១៩។

បឹង Loch Ness របស់ស្កុតឡែន ផ្ទុកចំណុះទឹកច្រើនជាងបឹងទាំងអស់នៅក្នុងប្រទេសអង់គ្លេស និងវែលបូកបញ្ចូលគ្នា ដោយធ្វើឱ្យវាក្លាយជាបឹងមានជម្រៅជ្រៅបំផុត និងអាថ៍កំបាំងបំផុតក្នុងចក្រភពអង់គ្លេស។ ទឹកក្នុងបឹងនេះគឺមានភាពស្រអាប់ដោយដីល្អក់ ដែលជាដីភក់ល្បាប់ហ៊ុមព័ទ្ធជុំវិញបឹង ដោយបន្ថែមទិដ្ឋភាពដ៏សម្ងាត់បន្ថែមទៀតក្នុងការសម្លឹងមើលទៅក្នុងបឹង!

ពីមួយឆ្នាំទល់មួយឆ្នាំ ទីនោះមានទ្រឹស្តីជាច្រើនបញ្ជាក់ថា មានសត្វចម្លែកមួយក្បាលបានរស់នៅក្នុងបឹង Loch Ness ជាហេតុនាំឱ្យគេបង្កើតរូបថតក្លែងក្លាយមួយសន្លឹកអំពី "សត្វចម្លែក" មួយនេះក្នុងឆ្នាំ១៩៣៤ ប៉ុន្តែមិនមានភស្តុតាងពិតប្រាកដថា សត្វនេះពិតជាមានវត្តមានមែននោះទេ។

ប៉ុន្តែបច្ចុប្បន្ន ក្រុមសិក្សាស្រាវជ្រាវមួយមកពីសកលវិទ្យាល័យ Otago ប្រទេសនូវែលសេឡង់ បានរកឃើញភស្តុតាងដ៏គួរឱ្យ "ភ្ញាក់ផ្អើល" មួយចំនួន ដែលលើកឡើងថា សត្វចម្លែកនេះប្រហែលជាមានពិតប្រាកដមែន។

អ្នកដឹកនាំនៃក្រុមស្រាវជ្រាវមួយនេះគឺលោកសាស្រ្តាចារ្យ Neil Gemmell បានពន្យល់ថា ពួកគេបានមើលទៅលើ DNA មកពីសត្វនានា ដែលរស់នៅក្នុងបឹងមួយនេះ។​ ពេលដែលពួកគេបានមើលទៅលើ DNA មួយនេះ ពួកគេបានរកឃើញថា ប្រហែលជាមានភស្តុតាងដែលទ្រឹស្តីមួយនៅពីក្រោយសត្វចម្លែកនៅក្នុងបឹង Loch Ness អាចនឹងមានពិតប្រាកដ!

លោកសាស្រ្តាចារ្យ Gemmell​ បាននិយាយថា "យើងបានសាកល្បងសម្មតិកម្មសំខាន់នៃសត្វចម្លែកនីមួយៗ ហើយបីក្នុងចំណោមនោះយើងប្រហែលជាអាចនិយាយបានថា មិនត្រឹមត្រូវ ហើយមួយប្រហែលជាអាច"។ គាត់បានប្រើប្រាស់បណ្តាញសង្គម Twitter ដោយបញ្ជាក់ថា លទ្ធផលនៃការពិសោធន៍នេះ នឹងចេញផ្សាយនៅក្នុងខែកញ្ញាក្នុងឆ្នាំនេះ៕


 

adverise with khmeread
tiger
Loading ad ...