មានរឿងកម្សត់មួយដែលអ្នកមិនបានដឹងអំពីជម្រើសជាតិប៉ាគីស្ថាន ដែលចាញ់កម្ពុជា ២-០ ម្សិលមិញ

ការប្រកួតជម្រុះ World Cup កាតា២០២២ បានចាប់ផ្តើមជុំទីមួយដំបូងគេបង្អស់នៅទ្វីបអាស៊ីនៅថ្ងៃទី៦មិថុនា ជាមួយប្រទេស ១២ ប្រកួតគ្នាប្តូរទឹកដីម្តងម្នាក់ដើម្បីជ្រើសរើសយក ៦ ក្រុមឡើងទៅជុំទី២បន្តទៀត។ ៦ គូដែលត្រូវប៉ះគ្នារួមមាន ម៉ុងហ្គោលី v ព្រុយណេ, ម៉ាកាវ v ស្រីលង្កា, ឡាវ v បង់ក្លាដែស, ម៉ាឡេស៊ី v ទីម័រខាងកើត, កម្ពុជា v ប៉ាគីស្ថាន និង ប៊ូតង់ v កោះក្វាម។ 

ក្នុងការប្រកួតជម្រុះជុំដំបូងជើងទីមួយកាលពីថ្ងៃព្រហស្បតិ៍ទី៦មិថុនា កម្ពុជាបានយកឈ្នះលើប៉ាគីស្ថានក្នុងលទ្ធផល ២-០ ដែលជាជ័យជម្នះលើកដំបូងដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Keisuke Honda ដោយនាំមកនូវភាពរីករាយយ៉ាងខ្លាំងដល់ប្រិយមិត្តអ្នកស្នេហាបាល់ទាត់កម្ពុជា។ 

ទន្ទឹមនឹងភាពរីករាយរបស់កម្ពុជា ប៉ាគីស្ថានឯណោះវិញច្បាស់ជាកើតទុក្ខធ្ងន់មិនស្ទើរទេ ដោយសារតែការប៉ុនប៉ុងយកឈ្នះក្នុងការប្រកួតជម្រុះ World Cup ជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ ត្រូវបរាជ័យម្តងទៀត។ យោងតាមវេបសាយផ្លូវការរបស់ FIFA ប៉ាគីស្ថានមិនទាន់ស្គាល់រសជាតិឈ្នះម្តងណាឡើយក្នុងការប្រកួតជម្រុះ World Cup ចំនួន ៣០ ប្រកួតជាប់ៗគ្នា ដែលចាប់ផ្តើមតាំងពីខែមករាឆ្នាំ ១៩៨៩ មកម៉្លេះ។ រឹតតែកម្សត់ទៀតនោះគឺ ប៉ាគីស្ថានត្រូវទទួលកម្ពុជានៅទឹកដៅកណ្តាលថែមទៀត ជាហេតុធ្វើឱ្យឱកាសដើម្បីឡើងទៅជុំទី២កាន់តែហោចទៅ ព្រោះមិនមែនជាទឹកដីខ្លួនឯងនិងចាញ់ប្រៀបកម្ពុជា ២ គ្រាប់ថែមទៀត។ 

ក្នុងចំណោម ១២ ប្រទេសដែលប្រកួតជម្រុះជុំដំបូងនេះគឺមាន២ប្រទេសគត់ ដែលមិនអាចធ្វើជាម្ចាស់ផ្ទះខ្លួនឯងបាន គឺ ប៉ាគីស្ថាន និង ទីម័រខាងកើត។ ការប្រកួតជើងទី២របស់ទីម័រនឹងធ្វើនៅទីក្រុងគូឡាឡាំពួដដែល ចំណែកឯប៉ាគីស្ថាននឹងទទួលកម្ពុជានៅទីក្រុងដូហា ប្រទេសកាតា។ 

ថាតើប៉ាគីស្ថានអាចរកឃើញជ័យជម្នះលើកដំបូងក្នុងការប្រកួតជម្រុះ World Cup រយៈពេល៣០ឆ្នាំបានដែរឬអត់នោះ គឺត្រូវសួរកូនក្រុមរបស់លោក Honda សិន តើពួកគេព្រមចុះញ៉មដែរឬអត់៕ ប្រភពរូបភាព៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

 

adverise with khmeread
tiger
Loading ad ...