មហាសេដ្ឋីម្នាក់ជប់លៀងឱ្យមិត្តភក្តិមានអាហារគ្រប់មុខ ខ្វះតែត្រី, លុះមានអ្នកនេសាទម្នាក់យកត្រីធំមួយឱ្យគាត់ បែរជាសុំសេដ្ឋីវាយខ្នងគាត់១០០រុំពាត់ទៅវិញ

រឿងនិទានខ្លី ៖ មហាសេដ្ឋីម្នាក់ចង់ប្រគល់ត្រីដ៏ធំមួយដល់មិត្តភក្តិរបស់គាត់។ គាត់បានរៀបចំពិធីជប់លៀងមួយ ហើយអញ្ជើញមិត្តភក្តិរបស់គាត់មកចូលរួម។ គាត់បានឱ្យគេរៀបចំអាហារគ្រប់មុខជាស្រេច ប៉ុន្តែគាត់មិនអាចឱ្យគេរៀបចំត្រីឱ្យមិត្តភក្តិគាត់បានទេ ដោយសារបញ្ហាមួយចំនួននៅផ្សារត្រី។ ដូច្នេះ គាត់បានឱ្យកូនចៅចេញទៅក្នុងសហគមន៍ ដើម្បីប្រកូកប្រកាសផ្តល់រង្វាន់ដល់អ្នកណា ដែលអាចចាប់ត្រីធំប្រគល់ឱ្យគាត់បាន។ 
ខណៈដែលគាត់រង់ចាំអ្នកដែលអាចចាប់ត្រីឱ្យគាត់បាននោះ ស្រាប់តែអ្នកនេសាទម្នាក់បានដើរមករកផ្ទះរបស់គាត់ ដោយនាំត្រីដ៏ធំមួយមកផ្ទះគាត់។ ប៉ុន្តែសន្តិសុខយាមទ្វារមិនអនុញ្ញាតឱ្យអ្នកនេសាទនោះចូលផ្ទះមហាសេដ្ឋីទេ។ សន្តិសុខយាមទ្វារទាមទារឱ្យអ្នកនេសាទសន្យាជាមួយគាត់ថាត្រូវប្រគល់ប្រាក់រង្វាន់ពាក់កណ្តាលមកឱ្យខ្លួន ទើបអនុញ្ញាតឱ្យចូលផ្ទះមហាសេដ្ឋី។ អ្នកនេសាទយល់ព្រមធ្វើតាមការទាមទារនោះ។

លោកមហាសេដ្ឋីមានក្តីរំភើបរីករាយជាខ្លាំង ដែលឃើញមនុស្សយកត្រីដ៏ធំមកឱ្យគាត់ទាន់ពិធីជប់លៀងសម្រាប់មិត្តភក្តិ និង ចង់ឱ្យលុយយ៉ាងច្រើនដល់អ្នកនេសាទនោះ។ ប៉ុន្តែអ្នកនេសាទបដិសេធប្រាក់ទាំងនោះ។ ផ្ទុយមកវិញ គាត់សុំឱ្យមហាសេដ្ឋីវាយខ្នងគាត់ ១០០ រុំពាត់។ គ្រប់គ្នាមានការស្រឡាំងកាំងចំពោះការទាមទារដ៏ភ្ញាក់ផ្អើលរបស់អ្នកនេសាទ។ មហាសេដ្ឋីសួរអ្នកនេសាទម្តងហើយម្តងទៀត ថាតើយកប្រាក់រង្វាន់របស់គាត់ទេ អ្នកនេសាទនោះនៅតែបដិសេធ។ ផ្ទុយមកវិញ គាត់នៅតែសុំឱ្យមហាសេដ្ឋីវាយខ្នងគាត់ ១០០ រុំពាត់ដដែល។ 

នៅពេលអ្នកនេសាទទទួលបាន ៥០ រុំពាត់ គាត់បានសុំឱ្យគេបញ្ឈប់ការវាយ ព្រោះគាត់នៅមានដៃគូម្នាក់ទៀតនៅក្នុងរឿងនេះ។ អ្នកនេសាទបានសុំឱ្យប្រគល់ ៥០ រុំពាត់ទៀតទៅដៃគូរបស់គាត់ នោះគឺសន្តិសុខយាមទ្វារ។ មហាសេដ្ឋីបានជ្រាបអំពីរឿងរ៉ាវទាំងអស់រវាងអ្នកនេសាទ និងសន្តិសុខយាមទ្វារ។ គាត់ក៏ប្រគល់ ៥០ រុំពាត់ទៀតដល់សន្តិសុខយាមទ្វារ និង បណ្តេញគាត់ចេញពីការងារ។ មហាសេដ្ឋីបានសុំទោសអ្នកនេសាទ និងប្រគល់ប្រាក់រង្វាន់ដល់គាត់។ 

គំនិតអប់រំ ៖ ប្រសិនបើអ្នកធ្វើអំពើល្អដាក់អ្នកដទៃ អំពើល្អនោះនឹងតបស្នងមកអ្នកវិញ។ ប្រសិនបើអ្នកធ្វើអំពើអាក្រក់ដាក់អ្នកដទៃ អំពើអាក្រក់នឹងតបស្នងមកអ្នកវិញស្មើនឹងទង្វើអាក្រក់របស់អ្នកដែរ៕

adverise with khmeread
tiger
Loading ad ...