ឃុំខ្លួនបុរសចិនម្នាក់ពីបទចាប់ឃុំឃាំង ឬបង្ខាំងមនុស្សដោយខុសច្បាប់

សៀមរាប​  ៖ កម្លាំងប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីខេត្តសៀមរាប បានទទួលពិរុទ្ធជនម្នាក់ពីកម្លាំងប៉ុស្តិ៍ប៉ូលិសច្រកទ្វារអាកាសយាន្តអន្តរជាតិសៀមរាប ពីបទចាប់ឃុំឃាំង ឬបង្ខាំងមនុស្សដោយខុសច្បាប់នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩​ ហេីយបញ្ជូនទៅឃុំខ្លួន​ ។ 

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងប៉ូលិសខេត្តសៀមរាប បានឱ្យដឹងថា ពិរុទ្ធជនរូបនេះឈ្មោះ LYU FEIFEI ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដកាន់លិខិតឆ្លងដែនលេខE57566980  ។ 

លោកឧត្តមសេនីយ៍បានបន្តថា ការឃាត់ខ្លួនពិរុទ្ធជនរូបនេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តសៀមរាប លេខ ៧២ ដចជ”ក”/១៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ពីបទចាប់ឃុំឃាំង ឬបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលដៅជម្រិតយកទ្រព្យសម្បត្តិ ប្រព្រឹត្តិទៅកាលពីថ្ងៃទី ១២-១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយត្រូវបានឃាត់ខ្លួនពិរុទ្ធជនរូបនេះ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឱ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋានខេត្ត ហេីយបន្តបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួន​ ៕

adverise with khmeread