ចោរលួចម៉ូតូ២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោស្ទាក់ចាប់ខ្លួនជាក់ស្តែង

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោស្ទាក់ចាប់ខ្លួនជាក់ស្តែង​ ខណៈកំពុងធ្វេីសកម្មភាពលួចម៉ូតូ ត្រង់ចំណុចមុខផ្ទះលេខD24 បុរីចំការដូង ផ្លូវ២១៧ នៅភូមិសំបួរ សង្កាត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤និង១០នាទីល្ងាច ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ដិប ពៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំឈើ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ២នាក់រួមមាន ទី១-ឈ្មោះ លី កុកហួរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះ សុខ ឌី ហៅ សិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះប្អូនស្រី ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1AH-2303 បិតស្កុតបន្លំទៅជាលេខ1AH-2803 មានលេខតួ និងលេខម៉ាស៊ីន5123693 (ជារបស់ជនសង្ស័យ) មួយគ្រឿង និង ២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CO-7504 ជារបស់ជនរងគ្រោះ, ៣-ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌កាប់ស្ទាំង និង៤-កាបូបដាក់លុយពណ៌ខ្មៅមួយ ។

ប៉ូលិសបន្តថា  កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងខាងលើ ចេញពីផ្ទះជួលស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមកធ្វើការជាជាងបាញ់ថ្នាំឈើនៅបុរីចំការដូង ផ្ទះលេខE25 ផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ពេលមកដល់ជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើនៅខាងមុខផ្ទះលេខD24 ទល់មុខផ្ទះ ដែលជនរងគ្រោះធ្វើការមានចម្ងាយប្រហែល០៥ម៉ែត្រ រហូតដល់វេលាម៉ោង កើតហេតុខាងលើ  ក៏មានជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ លី កុកហួរ  និងទី២ឈ្មោះ សុខ ឌី ហៅ សិដ្ឋ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨  ដោយជនសង្ស័យឈ្មោះ លី កុកហួរ ជាអ្នកបើកម៉ូតូ ជនសង្ស័យឈ្មោះ សុខ ឌី ហៅ សិដ្ឋ អង្គុយខាងក្រោយ ។ 

ពេលនោះជនសង្ស័យទាំង០២នាក់ បានមកដល់ឈប់ ម៉ូតូមុខផ្ទះលេខD25ខាងលើ រួចជនសង្ស័យឈ្មោះ សុខ ឌី ហៅ សិដ្ឋ បានចុះដើរទៅធ្វើសកម្មភាពប្រដែកជ្រុងចុងសំប៉ែតស្រួច កាច់សោកម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ បានសម្រេចបម្រុងបញ្ឆេះជិះចេញ ក៏ត្រូវឈ្មោះ គុជ សុផុន(ម្ចាស់ផ្ទះលេខE24) ភេទប្រុស អាយុ៥៩ឆ្នាំបានឃើញក៏ស្រែកឆោឡោខ្លាំងៗថា«ចោៗ»ហើយជនសង្ស័យឈ្មោះ សុខ ឌី ហៅ សិដ្ឋ ក៏បានរត់ឡើងទៅជិះលើម៉ូតូរបស់បក្ខពួកឈ្មោះ លី កុកហួរ ដែលកំពុងបញ្ឆេះចាំស្រាប់ ជិះគេចខ្លួន ។ 

ប៉ុន្តែត្រូវបានសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរនោះបានឮ ហើយឃើញហេតុការណ៍ ក៏ធ្វើការអន្តរាគមន៍ ដេញតាមពីក្រោយជនសង្ស័យតាមផ្លូវ២១៧ ពីជើងមកត្បូង ដល់ខាងមុខសាលាខណ្ឌដង្កោ ជនសង្ស័យក៏បានបោះដែកជ្រុងចុង សំប៉ែតស្រួចចោល រួចបើកគេចខ្លួនបន្តទៅមុខទៀតរហូតដល់មុខក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយបត់ត្រឡប់ក្រោយវិញ មកដល់ក្បែរខ្លោងទ្វារវត្តព្រះបាទជាន់ឯក ស្ថិតនៅភូមិ-សង្កាត់ជើងឯក ខណ្ឌដង្កោ  ក៏ត្រូវសមត្ថកិច្ចស្ទាក់និងឃាត់ខ្លួនបាន រួមនិងវត្ថុតាង ដូចបានរាយការណ៍ខាងលើ ហើយនាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដង្កោ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread