រថយន្តហុីយ៉ាន់ដាយដឹកឈើ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខ្ទេច

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដា២តោនកន្លះ ដឹកឈើបានពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣ និង១០នាទី យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩  ត្រង់ចំណុចស្តុបមេភ្លើង ផ្លូវ៣៦០ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣  ខណ្ឌចំការមន ។

សមត្ថកិច្ចនិយាយថា អ្នកបើកបររថយន្តបង្កឈ្មោះ ព្រហ្ម  សុភ័ក្ត្រា ភេទប្រុស  អាយុ៣២ឆ្នាំ  ជនជាតិខ្មែរ  មុខរបរបើករថយន្ត  រស់នៅក្នុងភូមិព្រៃធំ  ឃុំសាឡុង  ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល​ បេីករថយន្តបង្ក​ម៉ាកហុីយ៉ាន់ដាយ ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម 3A-3687។ 

បើតាមសម្ដីព្រូរថយន្តរួមដំណេីរជាមួយថា​ គាត់និងតៃកុងបាន បើករថយន្តដឹកឈើចេញពីឃុំវិហារសួគ៌មកដាក់នៅច្បារអំពៅ  ដោយធ្វើដំណើរឆ្លងកាត់ផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម ។ ខណៈមកដល់ចំណុចកើតហេតុក៏បានគេចរថយន្តផ្សេងនៅខាងមុខ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់តែម្ដង និងបាក់ខ្ទាតផ្លាក់សញ្ញាចរាចរណ៍អស់មួយ ។ ឯរថយន្តរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះឡើយ ។​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយឃាត់តៃកុង​រថយន្តបង្ក យកទៅកាន់ប៉ុស្ដិ៍បឹងកេងកងទី៣ដើម្បីធ្វើការសាកសួរ  ។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

adverise with khmeread
tiger
Loading ad ...