អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងពាក់ព័ន្ធក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញ,ជារឿងឃាតកម្មកាប់ចិញ្ច្រាំដ៏សហាវបំផុត​

ភ្នំពេញ​ ៖​ លោកអ្នកចាំទេ​ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញរាជធានីភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ពេលនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបំបែកសំណុំរឿងពាក់ព័ន្ធក្មេងស្រីម្នាក់ខាងលើនេះ ហើយត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនឃាតករស្ត្រីម្នាក់និងនាំទៅមើលទីតាំងសម្លាប់នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ គឺជារឿងឃាតកម្មកាប់ចិញ្ច្រាំដ៏សាហាវបំផុត​ ។ 

មន្ត្រីអាវុធហត្ថនិយាយថា​ ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ ឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅទួលសង្កែ​ ខណ្ឌឫស្សីកែវ​ បានដើរសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅវេលាម៉ោងប្រហែល៩ព្រឹក នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះដោយមិនដឹងមូលហេតុ។ 

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿងនេះ​ ហើយបាននាំឃាតករស្រីទៅមើលទីតាំងយកសពស្ត្រីរងគ្រោះទៅសម្លាប់និងបោះចោល​ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។ 

មន្ត្រីដដែលបន្តថា ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ។ ឃាតករឈ្មោះទឹម​ សុផល​ ភេទស្រីអាយុ៣៥ឆ្នាំ​ (មានប្តី៥នាក់​ ហើយប្តីក្រោយបំផុតជាជនបរទេស) បានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ ដោយកាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់​ រួចច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្ថិ​។ ករណីសម្លាប់ដោយសារតែជំពាក់លុយជនរងគ្រោះគ្មានលុយសង​ ។ 

សូមបញ្ជាក់ថា​ កាលពីសប្តាហ៍មុនកូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែមួយយប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។ 

តាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។ ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ 

ជាមួយនេះកូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ៕


 

adverise with khmeread
tiger
Loading ad ...