ត្រាំគំរាមដំឡើងពន្ធយ៉ាងសម្បើមមួយទៀតលើចិន បើប្រធានាធិបតីស៊ី ជីនពីងមិនមកជួបគាត់ចរចាផ្ទាល់នៅចុងខែមិថុនានេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃចន្ទថា លោកនឹងវាយពន្ធថ្មីដ៏ធំសម្បើមទៅលើចិន ប្រសិនបើសមភាគីលោកស៊ី ជីនពីង មិនបង្ហាញខ្លួនសម្រាប់កិច្ចប្រជុំជួបផ្ទាល់ទល់មុខគ្នានៅចុងខែនេះនៅប្រទេសជប៉ុន ហើយបានទទូចថា សេដ្ឋកិច្ចចិននឹងមិនអាចវ៉ាដាច់អាមេរិកបាននោះឡើយ។

លោកត្រាំបានថ្លែងសារធ្ងន់ៗរបស់គាត់នៅមុនកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី ២៨ ដល់ ២៩ ខែមិថុនានៅទីក្រុងអូសាកាប្រទេសជប៉ុន ដែលអាចនឹងកត់សម្គាល់នូវចំណុចរបត់នៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំងពីររបស់ពិភពលោក។

នៅពេលសួរថាតើការខកខានរបស់លោកស៊ីក្នុងការចូលរួមកិច្ចប្រជុំកំពូលនេះនឹងនាំឱ្យមានការចាប់ផ្តើមដំឡើងពន្ធលើទំនិញនាំចូលពីចិនតម្លៃ ៣០០ ពាន់លានដុល្លារបន្ថែមទៀតឬយ៉ាងណា លោកត្រាំបានប្រាប់ទូរទស្សន៍ CNBC ថា "ពិតណាស់ ច្បាស់ជាអាច"។ លោកត្រាំបាននិយាយថា កិច្ចប្រជុំនេះត្រូវបានកំណត់ពេលរួចហើយ ហើយថាលោករំពឹងលោកស៊ីនឹងចូលរួម។ លោកត្រាំបន្តថា "ខ្ញុំនឹងភ្ញាក់ផ្អើលបើគាត់មិនបានទៅ។ ខ្ញុំគិតថាគាត់នឹងទៅ ហើយខ្ញុំមិនបានឮថា គាត់នឹងមិនទៅនោះទេ"។

ទោះយ៉ាងណាក្តី ខណៈភាពតានតឹងរវាងអាមេរិកនិងចិនបានកើនឡើង អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកស៊ីបាននិយាយកាលពីខែមុនថា គាត់ "មិនមានព័ត៌មាននៅពេលនេះ" អំពីកិច្ចចរចារវាងត្រាំនិងស៊ីនោះទេ។

លោកត្រាំបានព្យាយាមទាញចិនឱ្យផ្លាស់ប្តូរជាមូលដ្ឋានលើគោលនយោបាយពាណិជ្ជកម្ម ដែលលោកប្រធានាធិបតីរូបនេះអះអាងអស់ជាច្រើនទសវត្សរ៍មកហើយថាបានដាក់អាមេរិកក្នុងគុណវិបត្តិយ៉ាងអយុត្តិធម៌។ ភាគីទាំងពីរហាក់ដូចជាជិតឈានដល់ការចរចាត្រូវរ៉ូវគ្នាទៅហើយ រហូតដល់កិច្ចពិភាក្សាបានជាប់គាំងទៅវិញកាលពីខែមុន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ប៉េកាំងបានដើរចេញនៅនាទីចុងក្រោយខណៈភាគីចិនបានបង្ហាញសញ្ញាថាខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការតស៊ូរយៈពេលវែងប្រឆាំងនឹងការទាមទារមិនសមហេតុផល។

លោកត្រាំបានដំឡើងពន្ធ ២៥ ភាគរយលើការនាំចូលរបស់ចិនតម្លៃ ២០០ ពាន់លានដុល្លារ។ ប្រទេសចិនបានឆ្លើយតបវិញជាមួយនឹងការដំឡើងពន្ធលើទំនិញនាំចូលរបស់អាម៉េរិកតម្លៃ ៦០ ពាន់លានដុល្លារ។ កាលពីខែមុនលោកបានគំរាមដំឡើងពន្ធលើទំនិញចិនបន្ថែមទៀតតម្លៃ ៣០០ ពាន់លានដុល្លារ ពោលគឺលើទំនិញស្ទើរគ្រប់មុខដែលក្រុមហ៊ុនអាមេរិកនាំចូលពីប្រទេសចិន ប្រសិនបើការទម្លាយភាពទាល់ច្រកណាមួយមិនអាចសម្រេចបានទេនោះ។ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានចាប់ផ្តើមដំណើរការវាយពន្ធថ្មីដ៏ធំ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៧ ខែមិថុនា ប៉ុន្តែលោកត្រាំបាននិយាយថាលោកមិនទាន់សម្រេចចិត្តថាតើលោកនឹងដំឡើងពន្ធថ្មីនេះឬយ៉ាងណានោះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...