រថយន្តបុកជាមួយម៉ូតូស្លាប់ម្នាក់,រងរបួសធ្ងន់ម្នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតនិងបុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ទាំងព្រឹកព្រលឹមវេលាម៉ោង៥ និង១០នាទី ថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផារ៉ាហ្កនជិតសាលាចតុមុខ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា សពរងគ្រោះឈ្មោះ នាង នាគភា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅជិតសាលាបាក់ទូក  ខណ្ឌ៧មករា និងមានស្រុកកំណើតនៅភូមិអណ្តូងចេញ ឃុំអណ្តូងចេញ ស្រុកអូរចារ ខេត្តបាត់ដំបង។ ចំណែកអ្នករងរបួសឈ្មោះ ណាត វិចិត្រ  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចុងភ្លៅ ស្នាក់នៅជាមួយនារីរងគ្រោះខាងលើ មានស្រុកកំណើតនៅភូមិថ្នល់បែក ឃុំអាចារ្យល័ក្ខ  ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។​ អ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។

​យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងឡើយគេឃើញប្រុសស្រី២នាក់ជិះម៉ូតូម៉ាកនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L.1980 ជិះតាមបណ្តោយផ្លូវ២១៤ ទិសដៅពីលិចទៅកើតយ៉ាងលឿន។ ខណៈមកដល់កន្លែងកើតហេតុខាងលើក៏ស្រាបតែមានរថយន្តម៉ាកកូឡា  ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2.A6706 បើកតាមបណ្តោយផ្លូវវិថីព្រះនរោត្តមទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចគ្នា។ 

​ពេលនោះបានបុកពេញទំហឹង បណ្តាលឱ្យនារីរងគ្រោះផ្លោងបោកផ្ទប់ទៅលើកញ្ចក់រថយន្ត ធ្លាក់មកវិញខ្ទាតប្រហែល១០ម៉ែត្របោកក្បាលនឹងចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកឌុបរងរបួសធ្ងន់ភ្លាមៗ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះ។ ឯអ្នកបើករថយន្តបានព្យាយាមបើករត់បាន ប្រហែលមួយរយម៉ែត្រក៏ឈប់រថយន្តបើកទ្វារចុះរត់បាត់បន្សល់ទុកតែរថយន្តនៅជិតកន្លែងកើតហេតុ។ ឯម៉ូតូរបស់ជនរងគ្រោះរងការខូចខាតមួយចំហៀងយ៉ាងដំណំ។

​សូមបញ្ជាក់ថានៅកន្លែងកើតហេតុគឺមានភ្លើងស្តុបលោតខៀវ ក្រហម លឿង ជាធម្មតា មិនដឹងខាងណាមិនគោរពច្បាប់ចរាចរណ៍នោះទេ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

adverise with khmeread
tiger
Loading ad ...