ដាច់លុយចាក់សាំងរថយន្ត BMW តម្លៃ ២៩០.០០០ ដុល្លារ សេដ្ឋីម្នាក់ដើរលួចមាន់អ្នកភូមិលក់យកលុយទិញសាំង

កសិករមានទ្រព្យស្តុកស្តុមជាងគេប្រចាំភូមិមួយរូបមកពីខេត្តស៊ីឈួន ប្រទេសចិន ត្រូវបានចាប់ខ្លួនពីបទលួចមាន់ និងទាពីភូមិជាច្រើននៅក្នុងតំបន់ជនបទលីនស៊ុយ ក្នុងគោលបំណងដើម្បីលក់យកលុយទិញសាំងសម្រាប់រថយន្តទំនើប BMW "ស៊ីសាំងដូចទឹក" តម្លៃ ២៩០.០០០ របស់គាត់។

ប៉ូលិសក្នុងតំបន់ជនបទលីនស៊ុយ បានទទួលរបាយការណ៍ជាច្រើនអំពីការបាត់មាន់ទាពីភូមិជាច្រើននៅក្នុងតំបន់ជនបទមួយនេះ ចាប់តាំងពីខែមេសា ប៉ុន្តែគ្មាននរណាម្នាក់រំពឹងថាពិរុទ្ធជនប្រព្រឹត្តិរឿងនេះគឺជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តុមជាងគេនៅក្នុងតំបន់ ដែលជាបុរសមួយរូបរស់នៅក្នុងវីឡាស្កឹមស្កៃច្រើនជាន់ និងជិះឡានប្រណីត BMW តម្លៃ២លានយ័ននោះទេ។ 

ជាក់ស្តែងបញ្ហានេះបានជម្រុញឱ្យលោក Qiang (ឈ្មោះក្លែងក្លាយ) ប្រព្រឹត្តបទឧក្រិដ្ឋកម្រិតស្រាលមួយនេះ បន្ទាប់ពីគាត់មានវិបត្តិហិរញ្ញវត្ថុ ដែលគាត់ដឹងខ្លួនថាវាពិតជាលំបាកក្នុងការផ្គត់ផ្គង់សាំងសម្រាប់រថយន្ត BMW ដ៏ស្រស់ស្អាតរបស់គាត់។ ដូច្នេះគាត់បានចាប់ផ្តើមលួចសត្វចិញ្ចឹមរបស់អ្នកស្រុក ចិញ្ចឹមពួកវានៅលើកសិដ្ឋានរបស់គាត់ ហើយលក់ពួកវាយកលុយទិញសាំង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងជាច្រើន ប៉ូលិសបានបើកការស៊ើបអង្កេតវែកមុខជនល្មើស។ បន្ទាប់ពីឆែកមើលវីដេអូសុវត្ថិភាពក្នុងភូមិ ពួកគេបានកត់សម្គាល់ឃើញថា មានមនុស្សម្នាក់ជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខ នៅពាក់កណ្តាលយប់។ ពួកគេបានចាប់ផ្តើមត្រួតពិនិត្យតាមផ្លូវ ហើយទីបំផុតប្រទះឃើញម៉ូតូសង្ស័យ។ បន្ទាប់ពីដេញតាមម៉ូតូសង្ស័យពីចម្ងាយ ប៉ូលិសបានឃើញម៉ូតូមួយគ្រឿងនេះបានជិះចូលទៅក្នុងផ្ទះលោក Qiang ប៉ុន្តែពួកគេមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់បុរសរូបនេះថាជាចោរនោះទេ ដូច្នេះពួកគេបានសម្រេចចិត្តដាក់ផ្ទះរបស់គាត់នៅក្រោមការឃ្លាំមើល។ 

បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់ មន្រ្តីប៉ូលិសបានព្យាយាមឃាត់ខ្លួនបុរសរូបនេះនៅតាមផ្លូវ ប៉ុន្តែបន្ទាប់ពីឃើញស្ថានភាពហាក់មិនសូវស្រួលគាត់ជិះរត់គេចខ្លួនជាមួយនឹងរថយន្ត BMW របស់គាត់ និងគេចបាត់ស្រមោលនៅលើផ្លូវហាយវ៉េ។ ជាសំណាងល្អ គាត់មិនដឹងផ្ទះរបស់គាត់ស្ថិតនៅក្រោមការឃ្លាំមើលនោះឡើយ និងត្រូវចាប់ខ្លួនភ្លាមៗនៅក្នុងផ្ទះរបស់គាត់។​ នេះបើយោងតាមវេបសាយចិន Chengdu Business Daily៕

adverise with khmeread
tiger
Loading ad ...