ក្មេងស្រីជំទង់មួយរូបត្រូវបានគេរាយការណ៍ថា មានគ្រាប់តែគុជ ១០០គ្រាប់ជាប់នៅក្នុងពោះវៀនរបស់នាង បន្ទាប់ពីបានផឹកតែគុជច្រើនលើសលុប ដែលជាភេសជ្ជៈដ៏ពេញនិយមរបស់អាស៊ីយើង។
ក្មេងស្រីវ័យ ១៤ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឪពុកម្តាយរបស់នាងនៅក្នុងភាគខាងកើតប្រទេសចិន បន្ទាប់ពីទទួលរងបញ្ហាទល់លាមកអស់រយៈពេលប្រាំថ្ងៃ។ នេះបើយោងតាមវេបសាយក្នុងតំបន់។
វេជ្ជបណ្ឌិតបាននិយាយថា អ្នកជំងឺ ដែលត្រូវស្គាល់ជាមួយឈ្មោះក្រៅថា Xiao Shen បានមិនអាចរំលាយគ្រាប់តែគុជ ដែលនាងចូលចិត្តផឹកទេ។
Xiao Shen បាននិយាយថា នាងគឺជាអ្នកពេញនិយមផឹក "តែគុជ" ដ៏ធំសម្បើមមួយរូប ដែលជាភេសជ្ជៈដ៏ពេញនិយមក្នុងតំបន់អាស៊ីខាងកើត ដែលជាធម្មតាមានលាយជាមួយនឹងតែ ទឹកដោះគោ និងគ្រាប់តែគុជជាច្រើនគ្រាប់។
គ្រាប់តែគុជទាំងនេះ គឺធ្វើពីម្សៅឈ្មោះ Tapioca ដែលផលិតចេញពីឫសស្ងួតនៃដំឡូងមី។ ពួកវាជាធម្មតាគឺមានសភាពទន់ រសជាតិឆ្ងាញ់ ដោយអ្នកទទួលទានមិនចាំបាច់ទំពារទេ គឺលេបទាំងមូលតែម្តង។ តែគុជមួយកែវជាធម្មតាលក់ក្នុងតម្លៃ ១០យ័ន (ជាងមួយដុល្លារ) នៅចិនដីគោក៕
