រថយន្តបើកបុកជាមួយម៉ូតូផ្ទុះឆេះស្លាប់ម្នាក់ និងរបួសម្នាក់នៅស្រុកត្រាំកក់

​តាកែវ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ០៨-០៩ ក្នុងភូមិទីប៉ាត់ ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ​ បង្កជាអគ្គិភ័យឆេះរថយន្ត​ បន្ទាប់ពីបើកបុកជាមួយ​ម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

​សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2257 (អ្នកបើកបរគេចខ្លួនបាត់) បើកបរមកពីទិសខាងកើត។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ 1BB-8940 បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ រស់​នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាកក់ ខេត្តតាកែវ មុខរបរជាងជួសជុលម៉ូតូ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ លី ណន ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅភូមិឃុំជាមួយគ្នា មុខរបរកសិកររងរបួសធ្ងន់​ ដែលបើកបរមកពីទិសខាងលិច។ 

​ក្រោយពេលបុករថយន្តខាងលើបានឆេះសន្ធោសន្ធៅ​ ហើយកម្លាំងប៉ូលិសជំនាញរបស់អធិការ ដ្ឋានស្រុកត្រាំកក់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់មួយគ្រឿង ទើបអគ្គិភ័យបានរលត់ជាស្ថាពរ១០០ភាគរយ​។

​រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកត្រាំកក់។ ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ដោយឡែកសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះម្ចាស់រថយន្តកម្លាំងជំនាញ កំពុងស្រាវជ្រាវដើម្បីឱ្យចូលខ្លួនមក ដោះស្រាយតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...