ឆបោកម៉ូតូពីមិត្តភក្តិនៅភ្នំពេញ​ មកលក់នៅស្រុកត្រាំកក់ត្រូវប៉ូលិសវ៉ៃខ្នោះ

​តាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខេត្តតាកែវបញ្ជូនទៅតុលាការ​ នាថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានជនសង្ស័យយកម៉ូតូគ្មានឯកសារត្រឹមត្រូវ មកលក់នៅក្នុងភូមិត្រពាំងស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ 

​ប៉ូលិសស្រុកត្រាំកក់និយាយថា​ ជនសង្ស័យ២នាក់ មានទី១-ឈ្មោះ រិន សម្ភស្ស ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ម៉េត ណន ភេទប្រុស អាយុ៤៤ឆ្នាំ  រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

​ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថា  ពួកគេបានឆបោកម៉ូតូមិត្តភក្តិដោយប្រើល្បិចខ្ចីម៉ូតូ ០១ គ្រឿងម៉ាក ហុងដា C125 ស៊េរី២០០៩ ពណ៌ខ្មៅ (គ្មានផ្លាកលេខ) យកទៅទិញស្រាបៀរយកមកផឹក កាលពីថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៩ រួចក៏ជិះរត់គេចខ្លួនពីភ្នំពេញ ដើម្បីយកមកលក់ឱ្យប្រជាពលរដ្ឋនៅភូមិ ឃុំខាងលើ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។     

​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងប៉ូលិសជំនាញបានកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវរកម្ចាស់ម៉ូតូដើម្បីប្រគលជូនវិញ៕


 

adverise with khmeread
tiger
Loading ad ...