ទីក្រុងហុងកុងជាប់ទ្រឹង ខណៈបាតុករជាង១លាននាក់ចេញតវ៉ាតាមដងផ្លូវ

សមាជិកសភាហុងកុងបានផ្អាកការជជែកដេញដោលអំពីសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់មួយ ដែលនឹងអនុញ្ញាតឱ្យជនល្មើសត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសចិន បន្ទាប់ពីក្រុមអ្នកតវ៉ាបានបិទផ្លូវ និងរឹតបន្តឹងការចូលទៅកាន់អគាររដ្ឋាភិបាល។

ក្រុមប្រឹក្សានីតិបញ្ញត្តិរបស់ទីក្រុងនេះគ្រោងនឹងធ្វើការអានលើកទីពីរនៃសេចក្តីព្រាងច្បាប់នៅព្រឹកថ្ងៃពុធនេះ។ យោងតាមក្រុមអ្នករៀបចំការតវ៉ាបានឱ្យដឹងថា សេចក្ដីព្រាងច្បាប់នេះត្រូវបានគេប្រឆាំងយ៉ាងខ្លាំងក្លា ដែលរាប់បញ្ចូលទាំងសហគមន៍ធុរកិច្ចអភិរក្សប្រពៃណីរបស់ទីក្រុង និងបានជំរុញប្រជាពលរដ្ឋប្រមាណជាង ១ លាននាក់នៃទីក្រុងដែលមានប្រជាជន ៧,៤ លាននាក់ចេញតវ៉ាតាមដងផ្លូវ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួន លោក Andrew Leung Kwan-yuen ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិបាននិយាយថា កិច្ចប្រជុំនៅថ្ងៃពុធនឹងត្រូវបានផ្លាស់ប្តូរទៅពេលក្រោយ។

ការសម្រេចចិត្តពន្យារពេលការជជែកវែកញែកនេះបានកើតឡើងខណៈដែលអ្នកតវ៉ារាប់ម៉ឺននាក់បានដើរតវ៉ានៅតាមដងផ្លូវជាថ្មីម្តងទៀតនៅកណ្តាលទីក្រុងហុងកុងនៅក្នុងហេតុការណ៍ ដែលបានរំលឹកពីបាតុកម្មលទ្ធិប្រជាធិបតេយ្យឆ្នាំ ២០១៤ ដែលគេស្គាល់ថា "ចលនាឆត្រ"។

ក្រុមអ្នកតវ៉ាបានចាប់ផ្តើមទៅខាងក្រៅអគារក្រុមប្រឹក្សានីតិបញ្ញត្តិកាលពីយប់ថ្ងៃអង្គារ ដែលពួកគេត្រូវបានស្វាគមន៍ដោយវត្តមានរបស់ប៉ូលិស និងការឆែកកាបូបយ៉ាងតឹងរ៉ឹង។ នៅព្រឹកថ្ងៃពុធ មានប្រជាជនវ័យក្មេងជាច្រើនម៉ឺននាក់បានមកដល់តំបន់នោះ ដោយធ្វើឱ្យស្ទះផ្លូវយ៉ាងខ្លាំង និងនាំឱ្យទីក្រុងហុងកុងជាប់គាំង៕

adverise with khmeread
tiger
Loading ad ...