ចិនថាប្រព័ន្ធរ៉ាដាតាំងពីជំនាន់ទសវត្សរ៍១៩៥០របស់ខ្លួនអាចមើលឃើញយន្តហោះចម្បាំងបំបាំងកាយស៊េរីចុងក្រោយរបស់អាមេរិក F-35

ក្រុមអ្នកស្រាវជ្រាវយោធាចិនតាមដឹងបានបញ្ជាយ៉ាងស្ទាត់ជំនាញលើប្រភេទរ៉ាដាមួយ ដែលពួកគេនិយាយថាអាចរកឃើញយន្តហោះបំបាំងកាយ ដែលគេបង្កើតឡើងមិនឱ្យរ៉ាដាធម្មតាមើលឃើញ។ អ្វីដែលសំខាន់ជាងនេះគឺ ពួកគេនិយាយថា រ៉ាដានេះត្រូវបានការពារទប់ទល់នឹងមីស៊ីលប្រឆាំងវិទ្យុសកម្មទៀតផង។

អ្នកស្រាវជ្រាវឈានមុខគេលើក្រុមការងារបង្កើតរ៉ាដាសមុទ្រនេះ ដែលផលិតប្រព័ន្ធរ៉ាដានេះ គឺលោក Liu Yongtan មកពីបណ្ឌិត្យសភាវិទ្យាសាស្រ្តចិននិងបណ្ឌិត្យសភាវិស្វកម្មចិនបានប្រាប់ទស្សនាវដ្តី Naval and Merchant Ships នៅក្នុងបទសម្ភាសន៍មួយកាលពីខែមុនថា រ៉ាដារលកប្រេកង់ខ្ពស់ (HFSWR) អាចរកឃើញយន្តហោះបំបាំងកាយនៅលើផ្ទៃមេឃនិងគ្រប់លក្ខខណ្ឌអាកាសធាតុ។

វាមិនមែនជាប្រភេទរ៉ាដាថ្មីអីនោះទេ ប៉ុន្តែវាជារ៉ាដាចាស់យូរយាណាស់មកហើយ។ ទោះយ៉ាងណា កងទ័ពចិនបានបោះបង់ចោលពួកវាចោលតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ នៅពេលដែលប្រព័ន្ធរ៉ាដា AWACS បានក្លាយជាប្រព័ន្ធរ៉ាដាដែលមានប្រជាប្រិយភាព ហើយអ្នកវិទ្យាសាស្ដ្រជួបការលំបាកក្នុងការជម្នះលើចំណុចខ្វះខាតរបស់ប្រព័ន្ធរ៉ាដា HFSWR ដែលរួមបញ្ចូលអនុបាតរលកសញ្ញានិងសំឡេងរំខាន និង ការចល័តរបស់ប្រព័ន្ធហោះហើរទាបៗ។ ទោះយ៉ាងណា លោក Liu បានអះអាងថា ខ្លួនបានយកឈ្នះលើចំណុចខ្វះខាតទាំងអស់នោះបានហើយ។

លោក Liu បានប្រាប់ទស្សនាវដ្តី Naval and Merchant Ships ថា ដោយសារយន្តហោះបំបាំងកាយសម័យថ្មីដូចជា F-35 និង F-22 របស់អាមេរិក ឬយន្តហោះ J-20 និង J-31 របស់ចិន ត្រូវបានបង្កើតឡើងដើម្បីបំបាំងកាយពីប្រព័ន្ធរ៉ាដាមីក្រូវ៉េវ ដែលគេប្រើភាគច្រើនលើសលប់នោះ ពួកវាមិនមានការការពារពីរ៉ាដាដែលមានរលកសញ្ញាវែងៗនោះទេ។ រ៉ាដាដដែលនេះក៏ជួយការពារស្ថានីយរ៉ាដាពីមីស៊ីលប្រឆាំងវិទ្យុសកម្មផងដែរ ដែលគេបង្កើតឡើងដើម្បីបំផ្ទុះសារធាតុវិទ្យុសកម្មនិងបំផ្លាញស្ថានីយរ៉ាដាចោល។

ប្រព័ន្ធរ៉ាដានេះគឺខុសគ្នាពីរ៉ាដាធម្មតា ពោលគឺជំនួសឱ្យការបញ្ចេញមីក្រូវ៉េវនិងរង់ចាំស្តាប់សំឡេងអេកូចេញពីយន្តហោះផ្សេង ប្រព័ន្ធរ៉ាដា HFSWR គឺប្រើរលកសញ្ញាវែងៗ។ ដោយសារលក្ខណៈនៃរលកសញ្ញាដែលគេហៅថាកម្លាំងអូសទាញរលកវែងៗ រលកសញ្ញាទាំងនេះមិនធ្វើដំណើរតាមបន្ទាត់ត្រង់ទេ ប៉ុន្តែតាមបន្ទាត់កោងរបស់ផែនដី ដោយធ្វើឱ្យវាកាន់តែមានប្រយោជន៍ចំពោះការរកឃើញយន្តហោះបំបាំងកាយនៅលើលំហ៕ ប្រភព៖ Sputnik

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...