បើកកង់បីលឿនជ្រុលបុករថយន្តកុងតឺន័រ ខ្ទាតកង់បីធ្លាក់ប្រឡាយទឹកស្អុយកៀបស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានបើករុឺម៉កកង់បីយ៉ាងលឿន​ហើយជ្រុលទៅបុករថយន្តកុងតឺន័រ កំពុងឆ្លងផ្លូវ បណ្ដាលឱ្យម៉ូតូកង់បីខ្ទាតធ្លាក់ចូលប្រឡាយទឹកស្អុយ កៀបជាប់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៣នៅមុខក្រុមហ៊ុនMCភូមិក្រាំងដូនតី ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូកង់បី  ពាក់ស្លាកលេខភ្នំពេញ 1HO-9175 ។ ឯរថយន្តកុងតឺន័រ ម៉ាក​ហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-9143 បើកបរដោយបុរសម្នាក់រត់បាត់ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  ដំបូងគេឃើញរថយន្តកុងតឺន័រ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីលិចទៅកើត បានបត់ស្ដាំឡើងផ្លូវជាតិលេខ៣ ។  ខណៈពេលនោះម៉ូតូកង់បីបើកបរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វាររថយន្តពីចំហៀងខាងស្ដាំ បណ្ដាលឱ្យម៉ូតូកង់បីខ្ទាតប៉ើងជាង២០ម៉ែត្រ ធ្លាក់ចូលប្រឡាយទឹកស្អុយ កៀបជាប់អ្នកបើកបរស្លាប់តែម្ដង ។  ចំណែកតៃកុងរថយន្តកុងតឺន័រក៏បានព្យាយាមបន្ថែមល្បឿន រត់បានប្រហែល១០០ ម៉ែត្របានឈប់រថយន្ត ចុះរត់គេចខ្លួនបាត់ ។​

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកយានយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...