Premier League រដូវកាលថ្មីប្លែកខុសពីរដូវកាលមុនៗ មានសម្រាកពាក់កណ្តាលរដូវ

កាលបរិច្ឆេទសម្រាប់ការប្រជែងពានរង្វាន់លីកកំពូលអង់គ្លេស Premier League រដូវកាល ២០១៩-២០ នឹងត្រូវប្រកាសនៅម៉ោង ៩យប់ក្នុងប្រទេសអង់គ្លេស នាថ្ងៃព្រហស្បតិ៍នេះ។ ការប្រកួតបើកឆាកនឹងត្រូវលេងនៅចុងសប្តាហ៍ថ្ងៃសៅរ៍ ពោលគឺថ្ងៃ១០ ខែសីហា ហើយការប្រកួតបិទឆាកនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា។

Manchester City ដែលបញ្ចប់រដូវដោយគ្រងម្ចាស់ជើងឯកមានមួយពិន្ទុនៅពីលើ Liverpool នឹងបន្តមហិច្ឆតារបស់ខ្លួនបន្តទៀតដើម្បីឈ្នះ Premier League សម្រាប់ការលើកពានលីកបីរដូវកាលជាប់ៗគ្នា។ ក្រុម Norwich City, Sheffield United និង Aston Villa នឹងត្រឡប់មកកាន់លីកកំពូលអង់គ្លេសវិញ បន្ទាប់ពីឆ្លងកាត់ការជម្រុះដ៏លំបាក។

ជើងឯកពានកំពូលអឺរ៉ុប Champions League ក្រុម Liverpool និងម្ចាស់ជើងពានកំពូលអឺរ៉ុបលំដាប់ទីពីរ Europa League ក្រុម Chelsea ដែលទើបនឹងបាត់បង់តួអង្គសំខាន់បំផុតរបស់ក្លឹប Eden Hazard ផ្ទេរទៅ Real Madrid ត្រូវមានកាលវិភាគដ៏មមាញឹកមួយមុនចូលទៅក្នុងការប្រកួតប្រជែងក្នុងស្រុក ខណៈដែលពួកគេក៏ត្រូវជួបគ្នាផងដែរនៅក្នុងការប្រកួតលើកពានបើកឆាករដូវកាលថ្មីនៅអឺរ៉ុបសម្រាប់ម្ចាស់ជើងឯកពានកំពូលអឺរ៉ុបទាំងពីរ Uefa Super Cup ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃពុធ ទី១៤ ខែសីហាខាងមុខ។

ក្រុមកញ្ច្រោង Wolves នឹងត្រូវលេងការប្រកួតជម្រុះបីលើកដើម្បីមានសិទ្ធិទៅប្រជែងពាន Europa League មុននឹងចាប់ផ្តើមរដូវកាល Premier League ថ្មី។ ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្ត Premier League ក្លឹបក្នុងលីកមួយនេះទាំងអស់ នឹងទទួលបានកាលវិភាគឈប់សម្រាករយៈពេលខ្លីនៅពាក់កណ្តាលរដូវកាលក្នុងខែកុម្ភៈ។ ក្នុងអំឡុងរយៈពេលពីរសប្តាហ៍ (ការសម្រាករយៈពេលខ្លីក្នុងខែកុម្ភៈ) នឹងមានការប្រកួតត្រឹម ៥ គូប៉ុណ្ណោះនៅចុងសប្តាហ៍ ខណៈការប្រកួតចំនួន៥គូផ្សេងទៀតនឹងធ្វើឡើងនាចុងសប្តាហ៍បន្ទាប់ ដើម្បីធានាថា ក្រុមទាំងអស់នឹងទទួលបានការឈប់សម្រាកពេញមួយសប្តាហ៍៕

adverise with khmeread
tiger
Loading ad ...