ព្រឺរសម្បុរគីង្គក់! ទាហានសម័យសង្គ្រាមលោកលើកទី២ អាយុ៩៧ឆ្នាំ និងស្ត្រីដែលគាត់លង់ស្នេហ៍អំឡុងសង្គ្រាម បានជួបគ្នាជាថ្មីក្រោយរយៈពេល ៧៥ ឆ្នាំ

ទាហានជើងចាស់អាមេរិកក្នុងសង្គ្រាមលោកលើកទី២ មួយរូប បានជួបជុំជាមួយនឹងគូស្នេហ៍នារីជនជាតិបារាំងដែលបានបែកបាក់គ្នាអស់រយៈពេល ៧៥ឆ្នាំដែលខ្លួននៅតែចងចាំមិនអាចបំភ្លេចបាន បន្ទាប់ពីពួកគេបានជួបគ្នាជាលើកដំបូងនៅក្នុងស្រុកកំណើតរបស់នាង។

លោកតា KT Robbins វ័យ ៩៧ឆ្នាំ បានជួបជាមួយនឹងលោកយាយ Jeannine Pierson ពេលលោកយាយមានវ័យ ១៨ឆ្នាំ បន្ទាប់ពីស្នើឱ្យម្តាយលោក Jeannine ជួយបោកសម្លៀកបំពាក់ឱ្យគាត់ ខណៈពេលដែលគាត់បានល្បាតនៅក្នុងភូមិ Briey ក្នុងឆ្នាំ១៩៤៤។

បន្ទាប់មកលោកតា Robbins ដែលនៅគ្រានោះមានវ័យ ២៤ឆ្នាំ បានលង់ស្រឡាញ់លោកយាយ Jeannine បច្ចុប្បន្នមានវ័យ ៩២ឆ្នាំ ទោះបីជាពួកគេត្រូវបានគេបំបែកយ៉ាងណាក្តី ពេលដែលលោកតា Robbins ត្រូវបានបញ្ជូនទៅកាន់ជួរមុខនៅភាគខាងកើតរបស់អាមេរិក។

លោកយាយ Jeannine បាននិយាយថា គាត់បានយំ ពេលដែលលោកតា Robbins ចាកចេញ និងថែមទាំងបានរៀនពាក្យមូលដ្ឋានអង់គ្លេស ក្នុងក្តីសង្ឃឹមថា គាត់នឹងត្រឡប់មកវិញ ប៉ុន្តែទាហានជើងចាស់រូបនេះត្រូវបានគេបញ្ជូនត្រឡប់ទៅអាមេរិកវិញ បន្ទាប់ពីសង្គ្រាមបញ្ចប់។ ប៉ុន្តែលោកតា Robbins មិនដែលបំភ្លេចគូស្នេហ៍ដ៏ផ្អែមល្ហែមរូបនេះបានទេ ហើយគាត់បានរក្សាទុករូបថតរបស់លោកយាយ Jeannine អស់រយៈពេល ៧៥ឆ្នាំ។

ទាហានជើងចាស់រូបនេះបានប្រាប់ទៅទូរទស្សន៍បារាំង France 2 ថា "ខ្ញុំបានប្រាប់នាងថា ប្រហែលជាខ្ញុំនឹងត្រឡប់មកវិញ ហើយខ្ញុំនឹងនាំនាងទៅជាមួយ ប៉ុន្តែវាមិនដែលកើតឡើងដូចនោះទេ"។ លោកយាយ Jeannine បាននិយាយថា "អូនតែងតែស្រឡាញ់បង។ បងមិនដែលលុបបាត់ចេញពីបំដូងអូនទេ។ ពេលដែលបងចាកចេញទៅជាមួយឡាន អូនយំ ពិតណាស់ អូនពិតជាក្រៀមក្រំបំផុត។ អូនស្រមៃ បន្ទាប់ពីសង្គ្រាមបញ្ចប់ បងនឹងមិនត្រឡប់ទៅអាមេរិកវិញទេ"។ លោកតា Robbins និងលោកយាយ Jeannine បានជួបគូស្នេហ៍ថ្មីរៀងៗខ្លួន និងបានរៀបការ បន្ទាប់ពីបញ្ចប់សង្គ្រាម ទោះជាយ៉ាងក្តីប្តីប្រពន្ធរបស់ពួកគេទាំងពីរបច្ចុប្បន្នសុទ្ធតែបានចែកឋានដូចគ្នា។ ពួកគេបានជួបគ្នាម្តងទៀត ពេលដែលលោកតា​ Robbins បានធ្វើដំណើរត្រឡប់ទៅប្រទេសបារាំងដើម្បីរំលឹកព្រឹត្តិការណ៍រំដោះប្រទេសបារាំងចេញពីអាល្លឺម៉ង់ (D-Day) ខួបលើកទី៧៥។

អ្នកកាសែតអាចស្វែងរកឃើញអតីតគូស្នេហ៍របស់គាត់ បន្ទាប់ពីគាត់បានបង្ហាញពួកគេពីរូបថតរបស់លោកយាយ Jeannine ដោយជំរុញឱ្យមានការជួបជុំដ៏រំជួលចិត្តមួយ អំឡុងពេលដែលពួកគេបានផ្តល់ស្នាមថើបទៅវិញទៅមកយ៉ាងផ្អែមល្ហែម។ អស់រយៈពេលប៉ុន្មានម៉ោងលោកតា Robbins ត្រូវដល់ពេលចាកចេញ ដើម្បីចូលរួមនៅក្នុងកម្មវិធី D-Day ទោះជាយ៉ាងណាក្តី គាត់បានសន្យាថា ពួកគេទាំងពីរនឹងជួបគ្នាម្តងទៀត។ ខណៈដែលពួកគេបានបែកគ្នា ទាហានជើងចាស់រូបនេះបាននិយាយថា "Jeannine បងស្រឡាញ់អូន អូនសម្លាញ់"៕


 

adverise with khmeread
tiger
Loading ad ...