បញ្ជូនជនសង្ស័យ៩នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរនៅខារ៉ាអូខេ AJR ប៉ោយប៉ែត

បន្ទាយមានជ័យ​ ៖ ជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណីជួញដូរ សម្រួលឱ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅតុលាការនាថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩​ បន្ទាប់ពីបានឃាត់ខ្លួន នៅចំណុចខារ៉ាអូខេ AJR ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១ និង ៣០នាទីកន្លងទៅ។ 

មន្ត្រីអាវុធហត្ថនិយាយថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេវីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋានប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ សម្រួលឱ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបាន៩នាក់។

លោកវរសេនីយ៍ទោ អ៊ុំ សាខន បានឱ្យដឹងថា ជនសង្ស័យ៩នាក់ រួមមាន  ១-ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន  បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងផ្សាររុងក្លឿ ប្រទេសថៃ, ២-ឈ្មោះ ស៊ី សំណាង ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប  បច្ចុប្បន្នរស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៣-ឈ្មោះ រស់ ភារុណ (ហៅ កុម្មង់ដូ) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៤-ឈ្មោះ ខាត់ សុខា ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៥-ឈ្មោះ សាំង ហេងចិន្តា ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៦-ឈ្មោះ សេង គីមសៀ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ  បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៧-ឈ្មោះ ណាង ពិសិដ្ឋ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ  បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្រុងប៉ោយប៉ែត, ៨-ឈ្មោះ ហេង ឡៃហួរ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង៩-ឈ្មោះ មាស ច័ន្ទរិទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ 

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនអ៊ិចស្តាស៊ី (គ្រាប់) ចំនួន ៣០៨គ្រាប់  ស្មើ ១២៦,៤ក្រាម, គ្រឿងញៀនអ៊ិចស្តាស៊ីទឹក ចំនួន ១៣ដប  ស្មើ ៣០៤,៩ក្រាម​, គ្រឿងញៀន កេតាមីន(ម្សៅ) ចំនួន ៩៩ថង់កិប  ស្មើ ១០២,៣ក្រាម, គ្រឿងញៀនកាតាមីនទឹក ចំនួន ១៥១ដប  ស្មើ ១.៤៨០ក្រាម, គ្រឿងញៀនហ្វាយហ្វាយ ចំនួន ២២គ្រាប់  ស្មើ ៧,៨ក្រាម, អាវុធខ្លីម៉ាក sig sauer ពណ៌ ខ្មៅ ចំនួន ០១ដើម  បង់ ០១ គ្រាប់ ៦៣គ្រាប់,​ រថយន្តម៉ាក Toyota Tundra ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៧ ០១គ្រឿង  ,ម៉ូតូ ចំនួន ០៤គ្រឿង  ,ទូរស័ព្ទដៃ ចំនួន ១២គ្រឿង ,អាយផេត ចំនួន ០១គ្រឿង ,ប្រាក់ខ្មែរ ចំនួន ៧១.៦០០រៀល, ប្រាក់អាមេរក ចំនួន ១០៨ដុល្លារ, ប្រាក់ថៃ ចំនួន ៤៣.៤៦០បាត, ប្រាក់កាណាដា ចំនួន ១០ដុល្លារកាណាដា, ប្រាក់កូរ៉េ ចំនួន ១.០០០វ៉ុន, ប្រាក់ជប៉ុន ចំនួន ១.០០០យ៉េន,​ ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០៣វង់, ខ្សែកលោហធាតុពណ៌ស ចំនួន ០១ខ្សែ, នាឡិកាដៃចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, កាតធនាគារ ចំនួន ០២សន្លឹក, ប័ណ្ណបើកបរ ចំនួន ០២សន្លឹក និងក្បាលហាតឌីសកាមេរ៉ា ចំនួន ០២គ្រឿង។  

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ដោយទទួលបានចម្លើយសារភាព និងផ្អែកលើវត្ថុតាង បច្ចុប្បន្នមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread