ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ប្រដាប់ដោយកាំភ្លើងនិងដាវសាម៉ូរៃ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងពត៌មាន តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះ អឹម សុភា អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1Cl-5330 ជិះចេញពីលេងផ្ទះមិត្តភក្ត្រនៅម្តុំវិមានឯករាជ្យ ហើយបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំទួលសង្កែ តាមបណ្តោយផ្លូវព្រះមុនីវង្ស។
ពេលមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់និងងងឹតផងនោះ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូមិនចាំម៉ាក៣គ្រឿង ប្រដាប់ក្នុងដៃដោយកាំភ្លើង និងដាវសាម៉ូរៃ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីគាត់ ហើយដោយភិតភ័យពេកនោះរូបគេក៏បានប្រគល់ម៉ូតូឱ្យពួកវា ហើយក្រុមជនសង្ស័យក៏យកម៉ូតូជិះគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍វត្តភ្នំ តែសមត្ថកិច្ចថាទឹកដីស្រះចក ក៏ជូនជនរងគ្រោះទៅស្រះចកវិញ ហើយប៉ូលិសស្រះចកថាវត្តភ្នំ ហើយរុញជនរងគ្រោះដាក់គ្នាទៅមក ទើបនាំគ្នាទៅមើលដល់កន្លែងកើតហេតុជាក់ស្តែងថាទឹកដីវត្តភ្នំ ហើយក៏ដាក់ពាក្យបណ្តឹងនៅបុស្តិ៍វត្តភ្នំតែម្តង៕
