អ្នកជំនួញឥណ្ឌាម្នាក់រពិសដៃសរសេរលិខិតក្លែងក្លាយប៉ុនប៉ងប្លន់យន្តហោះលេងៗសោះ ត្រូវតុលាការកាត់ទោសជាប់គុកអស់មួយជីវិត

បុរសអ្នកជំនួញឥណ្ឌាម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីបានបន្សល់លិខិតក្លែងក្លាយនៃការប្លន់យន្តហោះមួយសន្លឹកនៅក្នុងបន្ទប់ទឹក នៃយន្តហោះក្រុមហ៊ុន Jet Airways ជើងហោះហើរពីទីក្រុងមុមបៃ ទៅទីក្រុងដេលី។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃពុធ សប្តាហ៍មុន។

លោក Birju Salla បាននិយាយថា គាត់សង្ឃឹមថា យន្តហោះដឹកអ្នកដំណើរមួយនេះនឹងបិទប្រតិបត្តិការហោះហើរទៅទីក្រុងដេលីរបស់ខ្លួន ហើយមិត្តស្រីរបស់គាត់ ដែលជានារីអូតេសរបស់ក្រុមហ៊ុន Jet Airways នឹងត្រូវផ្លាស់ទៅរស់នៅជាមួយគាត់ក្នុងទីក្រុងមុមបៃ។

គាត់ក៏ត្រូវគេពិន័យប្រាក់ចំនួន ៥០លានរូពី (៧២០.៧២៥ដុល្លារ) ផងដែរ។ លោក Salla គឺជាមនុស្សដំបូងគេបំផុតដែលត្រូវបានកាត់ទោសក្រោមច្បាប់ប្លន់យន្តហោះដ៏តឹងតែងថ្មីរបស់ឥណ្ឌា។ ច្បាប់មួយនេះអនុវត្តទោសអប្បបរមានៃការដាក់ពន្ធនាគារអស់មួយជីវិត និងទោសប្រហារជីវិតនៅឯបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតរបស់ខ្លួន។ 

បុរសអ្នកជំនួញរូបនេះបានសារភាពទោសថាបានសរសេរនិងព្រីនកំណត់ត្រាគំរាមគំហែងនេះនៅក្នុងការិយាល័យទីក្រុងមុមបៃរបស់ខ្លួន មុនចាប់យកជើងហោះហើរកើតហេតុនៅក្នុងខែតុលា ឆ្នាំ២០១៧។ នៅក្នុងកំណត់ត្រាបាននិយាយថា មានអ្នកប្លន់យន្តហោះ ១២នាក់ និងគ្រឿងផ្ទុះជាច្រើននៅលើយន្តហោះ ហើយបានទាមទារថា ជើងហោះហើរមួយនេះត្រូវបានបង្វែរទិសដៅទៅតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន។

លោក Salla ត្រូវបានចាប់ខ្លួន បន្ទាប់ពីយន្តហោះបានធ្វើចុះចតបន្ទាន់ក្នុងទីក្រុង Ahmedabad ពោលគឺចម្ងាយ ៧៧៨គីឡូម៉ែត្រពីគោលដៅរបស់ខ្លួន។ នៅអំឡុងពេលនោះគាត់មានទំនាក់ទំនងបែបប្តីប្រពន្ធក្រៅអាពាហ៍ពិពាហ៍មួយជាមួយនឹងនារីអូតេសមួយរូបមកពីទីក្រុងដេលី។ លោក Salla បានស្នើនាងផ្លាស់ទៅទីក្រុងមុមបៃ ប៉ុន្តែនាងបដិសេធ ហើយដោយបង្កឱ្យជើងហោះហើររបស់ខ្លួនវឹកវរ គាត់សង្ឃឹមថា នាងនឹងបាត់បង់ការងាររបស់ខ្លួន ហើយត្រូវបង្ខំទៅរស់នៅជាមួយគាត់ជំនួសវិញ។

អ្នកស៊ើបអង្កេតម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខណៈដែលលោក Salla មិនបានប្តេជ្ញាចិត្តប្លន់យន្តហោះក្តី ការដាក់លិខិតគំរាមគំហែងមួយសន្លឹកនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចគ្នាទៅនឹងការប៉ុនប៉ងប្លន់យន្តហោះក្រោមច្បាប់របស់ឥណ្ឌា។ ចំពោះការពិន័យសាច់ប្រាក់វិញ ចៅក្រមបានសម្រេចថា ពីឡុតយន្តហោះកើតហេតុម្នាក់នឹងទទួលបានប្រាក់ ១០០.០០០រូពី សម្រាប់ "ទុក្ខវេទនាដែលពួកគេបានឆ្លងកាត់"។ រាល់នារីអូតេសទាំងអស់ក៏នឹងទទួលបានប្រាក់ ៥០.០០០រូពីផងដែរ ហើយអ្នកដំណើរម្នាក់ៗនឹងទទួលបានប្រាក់ចំនួន ២៥.០០០រូពី។ មេធាវីរបស់លោក Salla លោក Rohit Verma បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Jet Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំទីពីររបស់ឥណ្ឌា បានពន្យារពេលការហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់នៅដើមឆ្នាំនេះ បន្ទាប់ពីមានបញ្ហាហិរញ្ញវត្ថុ៕


 

adverise with khmeread