លោកត្រាំបញ្ជូនទ័ពថែម១០០០នាក់ទៀតទៅមជ្ឈិមបូព៌ា ខណៈស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែក្តៅគគុក

សហរដ្ឋអាមេរិកបានបញ្ជូនទ័ព ១០០០នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកំពុងកើនឡើងជាមួយនឹងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ខណៈដែលមន្ទីរបញ្ចកោណបានចេញផ្សាយនូវរូបថតថ្មីជាច្រើនសន្លឹក ដែលមន្រ្តីអាមេរិកនិយាយថា បង្ហាញ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារកាលពីសប្តាហ៍មុនទៅលើនាវាដឹកប្រេងពីរគ្រឿងនៅជិតឈូងសមុទ្រពែក្ស។

រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់លោក ដូណាល់ ត្រាំ លោក Patrick Shanahan បាននិយាយថា កងកម្លាំងទាហានថ្មីនេះ នឹងបញ្ជូនទៅសម្រាប់ "គោលបំណងការពារខ្លួន ដើម្បីដោះស្រាយការគំរាមគំហែងតាមជើងអាកាស ជើងទឹក និងជើងគោកនៅមជ្ឈិមបូព៌ា"។

លោក Shanahan បានបង្កើនវោហាសាស្ត្រទៅលើការចោទប្រកាន់អ៊ីរ៉ង់ក្នុងការវាយប្រហារទៅលើនាវាដឹកប្រេង ដោយនិយាយថា "ការវាយប្រហារនាពេលថ្មីៗនេះបានបញ្ជាក់ថាព័ត៌មានចារកម្មគឺអាចជឿទុកចិត្តបានដែលយើងទទួលបានអំពីឥរិយាបថអរិភាពដោយកងកម្លាំងអ៊ីរ៉ង់និងក្រុមឧទ្ទាមដៃជើងរបស់ពួកគេ ដែលគំរាមកំហែងដល់យោធានិងផលប្រយោជន៍របស់អាម៉េរិកនៅទូទាំងតំបន់"។

គាត់បាននិយាយថា "សហរដ្ឋអាមេរិក មិនសម្លឹងរកជម្លោះណាមួយជាមួយនឹងអ៊ីរ៉ង់ទេ" ប៉ុន្តែបានបន្ថែមថា ការដាក់ពង្រាយនេះគឺដើម្បី "ការពារផលប្រយោជន៍ជាតិរបស់យើង"។

រឿងនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថា ខ្លួនខិតជិតទៅដល់ការរំលោភទៅលើច្បាប់រឹតត្បិតលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងនុយក្លែរអ៊ែ ដែលលោក ត្រាំ បានដកខ្លួនកាលពីឆ្នាំមុន៕

adverise with khmeread