មេដឹកនាំតួកគីថា មិត្តរបស់គាត់គឺអតីតប្រធានាធិបតីអេហ្ស៊ីប Morsi ដួលក្នុងបន្ទប់តុលាការ២០នាទីអត់មាននរណាជួយគាត់ សុខចិត្តទុកឱ្យស្លាប់

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធទី១៩មិថុនាបាននិយាយថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកគឺលោក Mohamed Morsi ត្រូវគេសម្លាប់ ហើយបានចោទប្រកាន់អាជ្ញាធរអេហ្ស៊ីបថាមិនបានធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះអតីតប្រធានាធិបតីរូបនេះ។

លោក Erdogan បាននិយាយក្នុងអំឡុងសុន្ទរកថាតាមទូរទស្សន៍នៅទីក្រុងអ៊ីស្តង់ប៊ុលថា "លោក Morsi កំពុងជួបការលំបាកនៅលើឥដ្ឋក្នុងបន្ទប់សវនាការរយៈពេល ២០ នាទី។ គួរឱ្យស្តាយ អាជ្ញាធរមិនបានធ្វើអន្តរាគមន៍ដើម្បីជួយសង្រ្គោះគាត់ទេ។ លោកម័រស៊ីត្រូវគេសម្លាប់ ហើយគាត់មិនបានស្លាប់ដោយសារមូលហេតុធម្មជាតិនោះទេ"។

លោក Erdogan បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោក Morsi ដែលជាប្រធានាធិបតីស៊ីវិលទីមួយរបស់អេហ្ស៊ីបនិងជាសមាជិកនៃគណបក្សភាតរភាពមូស្លីមដ៏លេចធ្លោ។

ក៏ប៉ុន្តែទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ាជាមួយទីក្រុងគែរចាប់ផ្តើមយ៉ាប់យ៉ឺនឡើងបន្ទាប់ពីយោធាអេហ្ស៊ីប ដែលគ្រានោះដឹកនាំដោយលោក Abdel Fattah al-Sisi បានបណ្តេញលោកម័រស៊ីនៅឆ្នាំ ២០១៣។ ក្រោយមក លោក Sisi បានក្លាយជាប្រធានាធិបតី។

លោក Erdogan បានថ្កោលទោសយ៉ាងខ្លាំងចំពោះការកាន់កាប់ដោយយោធានៅក្នុងប្រទេសអេហ្ស៊ីបនិងបានហៅវាថាជា "រដ្ឋប្រហារ" ។ កាលពីថ្ងៃពុធ គាត់បាននិយាយថាគាត់នឹងតាមដានរាល់ដំណើរការកាត់ក្តី ដែលទាក់ទងនឹងការស្លាប់របស់លោក Morsi។ លោកនិយាយថា "យើងនឹងធ្វើអ្វីដែលចាំបាច់ដើម្បីឱ្យអេហ្ស៊ីបត្រូវបានជំនុំជម្រះនៅតុលាការអន្ដរជាតិ"។

ការិយាល័យអគ្គរដ្ឋអាជ្ញាក្នុងប្រទេសអេហ្ស៊ីបបាននិយាយថាលោក Morsi ត្រូវបានបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យ កន្លែងដែលពេទ្យនិយាយថាគាត់បានស្លាប់ និងត្រូវបានបញ្ជាក់បន្ថែមដោយប្រភពតុលាការមួយ។ លោក Morsi ត្រូវបានបញ្ចុះនៅថ្ងៃអង្គារខណៈក្រុមសិទ្ធិមនុស្សរួមទាំងអង្គការលើកលែងទោសអន្តរជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើមូលហេតុនៃការស្លាប់របស់លោក។

លោក Erdogan កាលពីថ្ងៃអង្គារបានចូលរួមនៅក្នុងការអធិស្ឋាននៅវិហារអ៊ីស្លាមនៃទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់អតីតមេដឹកនាំអេហ្ស៊ីបរូបនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab