ទឹកភ្នែកមិនដឹងស្រក់មកពីណា នៅពេលស្តាប់រឿងរ៉ាវកូនស្រីតូចម្នាក់នេះ

និទានខ្លី ៖ ថ្ងៃមួយ កូនស្រីតូចសួរឪពុកថា "ប៉ាប៉ា តើប៉ានឹងឱ្យកាដូអីគេដល់កូន នៅថ្ងៃខួបគម្រប់ ១៥ ឆ្នាំ?"។ ឪពុកតបថា "នៅមានពេលច្រើនឆ្នាំណាស់ ទម្រាំដល់ថ្ងៃខួបកំណើតគម្រប់ ១៥ ឆ្នាំរបស់កូន។ ប៉ានឹងសម្រេចចិត្តពេលក្រោយ"។ 

នៅពេលកូនស្រីឈានចូលអាយុ ១៤ ឆ្នាំ នាងមានជំងឺគាំងបេះដូង និងត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង។ ក្រោយមក កូនស្រីត្រូវបានផ្ទេរទៅបន្ទប់ ICU។ វេជ្ជបណ្ឌិតពិនិត្យឃើញថា បេះដូងរបស់នាងមិនអាចដំណើរការបានតទៅទៀតទេ ដោយសារបញ្ហាបេះដូងធ្ងន់ធ្ងរ។ 

វេជ្ជបណ្ឌិតបានប្រាប់ឪពុកក្មេងថា កូនរបស់គាត់ប្រហែលជាស្លាប់ឆាប់ៗនេះហើយ ប្រសិនបើនាងមិនវះកាត់ប្តូរបេះដូងទេនោះ។ ស្តាប់ឮដូច្នេះ ឪពុកតក់ស្លុតស្ទើរដួលសន្លប់ ហើយគាត់ក៏បានទៅមើលកូនស្រីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ បេះដូងឪពុកម្នាក់នេះខ្ទេចខ្ទាំអស់ហើយនៅពេលឃើញកូនស្រីតស៊ូជម្នះនឹងក្តីស្លាប់នៅលើគ្រែអ្នកជំងឺ។ គាត់បានចូលកៀកកូនស្រី។ កូនស្រីខ្សឹបប្រាប់ទាំងខ្សោយក្នុងខ្លួនយ៉ាងដូច្នេះ "ប៉ាប៉ា! តើប៉ាដឹងអស់ហើយថាបេះដូងកូនលែងដំណើរការ ហើយកូនជិតស្លាប់?"។ ឪពុកតបថា "អត់ទេ! កូននឹងរស់។ ប៉ាមិនឱ្យកូនស្លាប់ទេ"។ ទឹកភ្នែកហូរពេញផែនថ្ពាល់ឪពុករូបនេះ។ កូនស្រីនិយាយថា "ម៉េចប៉ានិយាយចឹង?"។ ឪពុកនិយាយថា "ពីព្រោះប៉ាដឹងថាកូនសម្លាញ់នឹងមានអាយុវែង។ សម្រាកចុះកូន។ ប៉ានឹងត្រឡប់មកវិញឆាប់ៗ"។ 

ឪពុកម្នាក់នេះមិនដែលត្រឡប់មកមើលកូនស្រីម្តងទៀតនោះឡើយ។ កូនស្រីជិតឈានចូលអាយុ ១៥ ឆ្នាំ នៅពេលនាងចាប់ផ្តើមជាសះស្បើយពីជំងឺបេះដូង។ នាងត្រឡប់ទៅផ្ទះវិញ ឃើញសំបុត្រមួយនៅលើតុ សរសេរថា​ "កូនសម្លាញ់ប៉ា ប្រសិនបើកូនកំពុងអានសំបុត្រនេះ មានន័យថាកូនកំពុងមានសុខភាពល្អ ដូចដែលប៉ាធ្លាប់បានប្រាប់កូនចឹង។ ថ្ងៃមួយ កូនសួរប៉ាថា នឹងឱ្យអ្វីដល់កូននៅថ្ងៃខួបគម្រប់ ១៥ ឆ្នាំរបស់កូន។ ពេលនោះប៉ាមិនដឹងជូនកាដូអីដល់កូនទេ ប៉ុន្តែឥឡូវ កាដូរបស់ប៉ាដល់កូន គឺបេះដូងរបស់ប៉ា"។ 

ឪពុកម្នាក់នេះបានបរិច្ចាគបេះដូងរបស់គាត់ដើម្បីសង្គ្រោះជីវិតកូនស្រីរបស់គាត់។ 

ស្រឡាញ់ឪពុករបស់អ្នកឱ្យបានច្រើន ពីព្រោះអ្នកមិនអាចតបស្នងសងគុណគាត់ចំពោះការលះបង់ដែលគាត់មានចំពោះអ្នកបាននោះទេ។ យើងរវល់តែចាប់អារម្មណ៍រឿងយើងចម្រើនវ័យធំធាត់រហូតភ្លេចថាឪពុកម្តាយកាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ ស្រឡាញ់ពួកគាត់ថែរក្សាពួកគាត់ដូចដែលគាត់មើលថែពួកយើង។ ប្រសិនបើមិនធ្វើដូច្នេះទេ អ្នកនឹងដឹងអំពីតម្លៃរបស់ឪពុកម្តាយ នៅពេលកៅអីគាត់ធ្លាប់អង្គុយ លែងមានពួកគាត់អង្គុយតទៅទៀត។ កុំឱ្យហួសពេល ទើបនិយាយស្តាយក្រោយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...