321700ce00000578 0 image a 2 1457695749795

អនាគត​យន្តហោះ​ឆ្នាំ​២០៥០​អាច​ដឹក​អ្នកដំណើរ​ម្តង​បាន ១០០០ នាក់​!

​    ​យន្តហោះ​អនាគត​ដ៏​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​នេះ​អាចជា​មធ្យោបាយ ដែល​មនុស្ស​យកមក​ធ្វើដំណើរ​ទៅ​គោលដៅ​ឆ្ងាយៗ​ក្នុង​ឆ្នាំ ២០៥០​។ 

​    ​ជាមួយនឹង​ការ​រចនា​ម៉ូត​ថ្មី​សន្លាង​ទាំង​ខាងក្នុង​និង​ខាងក្រៅ យន្តហោះ​គំរូ​នេះ​មាន​កាប៊ីន​ដ៏​ធំ​មួយ​អាច​ផ្ទុក​កៅអី​ដល់​ទៅ ១០០០ កៅអី ឧបករណ៍​វ៉ែនតា​មើល​ទូរទស្សន៍ ការ​បញ្ចាំង​ស្លាយ​រូបភាព​បន្ត​ផ្ទាល់​លើ​ជញ្ជាំង​យន្តហោះ និង​កន្លែង​អង្គុយលេង​ដ៏​ធំ ដែល​គេ​ធ្វើឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​បទពិសោធន៍​ធ្វើដំណើរ​តាម​យន្តហោះ​រឹតតែ​ប្រសើរឡើង​។ 

​    ​យន្តហោះ​កោង​ដ៏​ធំ​សម្បើម​នេះ​គឺជា​គំនិត​ដើម​របស់​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ក្រុមហ៊ុន Airport Parking & Hotels និង​សាកលវិទ្យាល័យ Imperial College London ដែល​បានធ្វើការ​ព្យាករណ៍​អំពី​រូបរាង​នៃ​យន្តហោះ​អនាគត​ថា​នឹងមាន​លក្ខណៈ​បែបណា​ក្នុង​រយៈពេល ៣០ ទៅ ៤០ ឆ្នាំ​ខាងមុខ​។ 

​    ​ជាមួយនឹង​គំនិត​ដើម​ថ្មី​ទាំងស្រុង ក្រុម​ស្រាវជ្រាវ ដែល​រួមមាន​ទាំង​និស្សិត​ថ្នាក់បណ្ឌិត​ជំនាញ​រចនា​ម៉ូត​យន្តហោះ លោក អា​ដាំ អូ​ម៉ា (Adam Omar) បាន​រចនា​ម៉ូត​យន្តហោះ​ដ៏​ទំនើប​នេះ​ឡើង ដោយ​រក្សា​ចំណុច​សំខាន់​មួយចំនួន​នៃ​យន្តហោះ​បច្ចុប្បន្ន និង​បូក​បញ្ចូល​បច្ចេកវិជ្ជា​ជំនាន់​ក្រោយ​។ 

​    ​ដោយសារ​ការ​រចនា​ម៉ូត​ស្លាប​ថ្មី​ប្លែក​ទាំងស្រុង​របស់​វា តួ​យន្តហោះ​នេះ​នឹងមាន​ទទឹង​ធំ​ជាង តែ​បណ្តោយ​រាង​ខ្លី​ជាង ហើយ​វា​នឹង​ពុំមាន​ស្លាប​នៅ​នឹង​កន្ទុយ​ដូច​យន្តហោះ​សព្វថ្ងៃនេះ​ទេ​។ យន្តហោះ​នេះ​អាច​នឹង​រុញ​ដោយ​កម្លាំង​ម៉ាស៊ីន​ជីវ​ឥន្ធនៈ​នៅ​ខាងក្រោយ​តួ​រប​ស់វា​។ 

​    ​តួខ្លួន​ធំ​ទូលាយ​គួបផ្សំ​ជាមួយ​ស្លាប​ធំ​នឹង​ផ្តល់នូវ​កន្លែង​ដ៏​ទូលាយ​នៅ​ខាងក្នុង​កាប៊ីន​យន្តហោះ​សម្រាប់​ផ្ទុក​អ្នកដំណើរ​រហូតដល់​ទៅ ១០០០ នាក់ ប៉ុន្តែ​ក្រុម​អ្នក​រចនា​ម៉ូត​យន្តហោះ​នេះ​បាន​និយាយថា យន្តហោះ​នេះ​អាចមាន​កន្លែង​ដាក់​ជើង​ទូលាយ​ជាង​យន្តហោះ​សព្វថ្ងៃ បើទោះបីជា​វា​ដឹក​មនុស្ស​ច្រើន​បែបនេះ​ក្តី​។ 

​     ក្នុងចំណោម​ការផ្លាស់ប្តូ​រ​ដែល​គួរឱ្យកត់សម្គាល់​ជាងគេ​គឺ យន្តហោះ​គំរូ​នេះ​ពុំមាន​បង្អួច​ច្រើន​នោះទេ ហេតុនេះ​វា​អាចធ្វើឱ្យ​អ្នកដំណើរ​ពុំ​សូវ​ស្រួល​ចិត្តនឹង​ការហោះហើរ​នោះទេ​។ 

​    ​ជំនួស​មកវិញ អេក្រង់ LCD ថ្លាឆ្វេង​នៅលើ​ជញ្ជាំង​យន្តហោះ​នឹង​បង្ហាញ​ទេសភាព​ខាងក្រៅ ឬ​ភាពយន្ត កម្មវិធី​ផ្សេងៗ ឬ ផែនទី​ពី​ប្រព័ន្ធ​កម្សាន្ត​ក្នុងពេល​ហោះហើរ ឬ បង្ហាញ​នូវ​ទស្សនីយភាព​ត្រជាក់​អារម្មណ៍​ដើម្បី​ជួយ​ឱ្យ​អ្នកដំណើរ​គេង​លក់​ស្រួល​៕ 

 

ប្រភព៖ ដេលីមែល

មតិយោបល់