គីម ជុងអ៊ុន ទទួលបានលិខិត "ខ្លឹមសារអស្ចារ្យ" ពីដូណាល់ ត្រាំ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានទទួលលិខិតផ្ទាល់ខ្លួន "មានខ្លឹមសារអស្ចារ្យ" ពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ចំពេលមានភាពតានតឹងអំពីនុយក្លេអ៊ែររវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីនតោន។

កិច្ចចរចាបានជាប់គាំងចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំកំពូលលើកទី ២ រវាងលោកគីម និងលោកត្រាំនៅទីក្រុងហាណូយកាលពីខែកុម្ភៈបន្ទាប់ពីអ្នកទាំងពីរខកខានក្នុងការឯកភាពគ្នាលើអ្វីដែលកូរ៉េខាងជើងសុខចិត្តបោះបង់ចោលជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការដួលរលំកិច្ចប្រជុំនេះប៉ុន្តែមេដឹកនាំទាំងពីរបានសម្តែងឆន្ទៈក្នុងការជួបគ្នាម្តងទៀត ជាមួយលោកត្រាំនិយាយកាលពីដើមខែនេះថាលោកបានទទួល "លិខិតដ៏ស្រស់ស្អាត" ពីលោកគីម។

កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា លោកត្រាំបានសរសេរទៅកាន់លោកគីម ដែលនិយាយដោយពេញចិត្តថា "លិខិតនេះមានខ្លឹមសារល្អអស្ចារ្យ"។ KCNA បាននិយាយថា "ដោយកោតសរសៃចំពោះទឹកដៃវិនិច្ឆ័យខាងនយោបាយនិងភាពក្លាហានដ៏អស្ចារ្យរបស់លោកប្រធានាធិបតីត្រាំ លោកគីម ជុងអ៊ុនបាននិយាយថាលោកបានគិតយ៉ាងសញ្ជប់សញ្ជឹងអំពីខ្លឹមសារគួរឱ្យចាប់អារម្មណ៍នេះ"។

របាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីខ្លឹមសារនៃលិខិតឬនៅពេលណាដែលលិខិតនោះត្រូវបានបញ្ជូននិងទទួលនោះទេ។ ទំព័រមុខរបស់កាសែតផ្លូវការរបស់កូរ៉េខាងជើង Rodong Sinmun បង្ហាញរូបថតលោកគីមកាន់លិខិតរបស់លោកត្រាំដោយដៃទាំងពីរ ខណៈដែលគាត់អានវានៅក្នុងការិយាល័យរបស់គាត់។

សេតវិមានបានបដិសេធមិនបញ្ជាក់ថាតើលោកត្រាំបានផ្ញើលិខិតទៅលោកគីមឬអត់នោះទេ។ ប៉ុន្ដែវិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាខ្លួនបានដឹងអំពីការឆ្លើយឆ្លងតាមរយៈការទំនាក់ទំនងរបស់ខ្លួនជាមួយវ៉ាស៊ីនតោន។ វិមានខៀវបាននិយាយថា "រដ្ឋាភិបាលមើលឃើញថាវាជាភាពវិជ្ជមាន នៅពេលដែលការសន្ទនាគ្នារវាងអាមេរិកនិងកូរ៉េខាងជើងត្រូវបានរក្សាតាមរយៈការផ្លាស់ប្តូរលិខិតកម្រិតខ្ពស់"៕  ប្រភព៖ បរទេស


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab