រៀបការ​ថ្ងៃ​ដំបូង​ល្អូកល្អិន​នឹង​គ្នា​ណាស់​, ៥ ឆ្នាំ​ក្រោយមក​អ្វីៗ​ប្រែប្រួល​

រឿងនិទាន​ខ្លី ៖ នាង​ខ្ញុំ​រស់នៅក្នុង​ទំនាក់ទំនង​ដ៏​រីករាយ​ល្អឥតខ្ចោះ​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​បន្ទាប់មក អ្វីៗ​ក៏​ស្រាប់តែ​ប្រួល​ប្រែ​។ នាង​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ឆេវឆាវ និង​សោះកក្រោះ​ដាក់​ប្តី​ខ្លួនឯង​។ ខ្ញុំ​ដឹងថា​មានរឿង​អ្វី​មិន​ស្រួល​កើតឡើង​ហើយ មិនមែន​ដោយសារ​រវាង​យើង​ទាំងពីរ​ទេ ប៉ុន្តែ​ជាមួយ​រូបនាង​ខ្ញុំ​ផ្ទាល់​តែម្តង​។ 

​ក្បាល​របស់ខ្ញុំ​ឈឺ​រាល់ថ្ងៃ ឈឺ​ឥត​ល្ហែ រហូត​ថ្ងៃ​ខ្លះ​ឈឺ​ទ្រាំ​មិន​ចង់បាន និង​ឈឺធ្ងន់ធ្ងរ​ខ្លាំងណាស់​។ រាល់​ពេលដែល​ខ្ញុំ​ឈឺក្បាល​ម្តងៗ ខ្ញុំ​បាន​បង់អស់​ការអត់ធ្មត់​។ ហើយ​តែងតែ​ជះ​កំហឹង​ដាក់​ប្តី​ខ្ញុំ​ដោយ​គ្មាន​ហេតុផល​។ យើង​ទាំងពីរ​នាក់​ចាប់ផ្តើម​មាន​អារម្មណ៍​មិន​ស្រួល​ចំពោះ​គ្នា​។ 

​ប្តី​របស់ខ្ញុំ​បាន​ណាត់ជួប​វេជ្ជបណ្ឌិត​ជំនាញ​ខាង​រោគ​ប្រសាទ ដោយសារតែ​នាង​ខ្ញុំ​ឈឺក្បាល​ធ្ងន់ធ្ងរ​រាល់ថ្ងៃ​ពេក​។ បន្ទាប់ពី​ការធ្វើ​តេស្ត​និង​ស្កែ​ន MRI ខ្ញុំ​ត្រូវបានធ្វើ​រោគ​វិ​ច្ឆ័​យ​ឃើញ​ដុំ​សាច់​ខួរក្បាល​។ ខ្ញុំ​ដេក​គិត​រាល់​យប់​ថា​ជីវិត​ខ្ញុំ​ត្រូវ​ចប់​ហើយ ទោះបី​វេជ្ជបណ្ឌិត​និយាយថា វា​គ្រាន់តែ​ជា​ដុំ​សាច់​ធម្មតា មិនមែន​មហារីក​ក៏ដោយ​។ ខ្ញុំ​នៅតែ​នឹក​គិតថា ខ្ញុំ​នឹងមិន​អាចរ​ស់បាន​។ ការគិត​ខ្វល់ខ្វាយ​ពេក​ពី​ដុំ​សាច់​នេះ​បានធ្វើឱ្យ​នាង​ខ្ញុំ​កាន់តែ​ដុនដាប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ នាង​ខ្ញុំ​ចាប់ផ្តើម​ទន់​ជើង​ដើរ​លែងរួច ហើយ​ឆន្ទៈ​ចង់​រស់​របស់ខ្ញុំ​បាន​បាត់បង់​អស់រលីង​ពី​ខ្លួន​។ នាង​ខ្ញុំ​ដេក​យំ​ឱប​ក្នើយ​រាល់​យប់ មិនមែន​ដោយសារតែ​ជំងឺ​ដែល​ខ្ញុំ​កំពុង​ទទួលរង​នោះទេ ប៉ុន្តែ​ដោយសារតែ​ប្តី​របស់ខ្ញុំ ដែល​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ខ្ញុំ​។ គាត់​បាន​មើលថែ​ខ្ញុំ​ប្រៀប​បីដូច​ខ្ញុំ​ជា​កូនង៉ែត​ទើប​កើត​យ៉ាង​អ៊ីចឹង​។ គាត់​ធ្វើ​អ្វីៗ​ដើម្បី​ខ្ញុំ មិនដែល​ប្រួល​ប្រែ​តាំង​ពីថ្ងៃ​រៀបការ​ដំបូង​។ គាត់​ថើប​ខ្ញុំ​រាល់​យប់​មុន​ចូល​គេង រួច​ខ្សឹបប្រាប់​ខ្ញុំ​ថា អ្វីៗ​នឹង​ល្អប្រសើរ​ឆាប់ៗ​។ 

​ហើយ​ជាមួយ​ក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​របស់គាត់ ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​កម្លាំងចិត្ត​ឡើងវិញ​នៅ​ថ្ងៃមួយ​។ ខ្ញុំ​ខ្លាច​ចាកចោល​គាត់​ឱ្យនៅ​ម្នាក់ឯង​ក្នុង​ពិភពលោក​ដ៏​ធំ​ល្វឹងល្វើយ​នេះ​។ នៅថ្ងៃនោះ ជា​ថ្ងៃ​វះកាត់​លើក​ទី​បី​និង​លើកចុងក្រោយ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ប្រាប់​ប្តី​ខ្ញុំ​ឱ្យ​រក​នារី​ម្នាក់ទៀត​រៀបការ​ចុះ​។ គាត់​សួរ​ខ្ញុំ​ថា​ហេតុអ្វី​? ខ្ញុំ​ផ្តល់​ចម្លើយ​ទៅ​គាត់​ថា ដូច្នេះ​នារី​ម្នាក់​នោះ​នឹង​អាច​មើលថែ​បង ស្រឡាញ់​បង និង​បំពេញតម្រូវការ​របស់​បង​។ 

​គាត់​កាន់​ដៃ​ខ្ញុំ​យ៉ាង​ណែន មុនពេល​វេជ្ជបណ្ឌិត​នាំ​ខ្ញុំ​ទៅ​បន្ទប់វះកាត់​។ ហើយ​គាត់​និយាយប្រាប់​ខ្ញុំ​ថា គាត់​ជឿជាក់​លើ​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​ស្ត្រី​រឹងមាំ​បំផុត​របស់គាត់ គ្មានអ្វី​មួយ​លើ​លោក​នេះ​អាច​យក​ខ្ញុំ​ចេញពី​គាត់​បានឡើយ បង​សូម​បួងសួង​ឱ្យ​អូន​ឆាប់​ជាសះស្បើយ​។ 

​អារម្មណ៍​ចម្លែក​អស្ចារ្យ​ចាប់ផ្តើម​រត់​កាត់​ពេញ​ខ្លួនប្រាណ​ខ្ញុំ ហើយ​ខ្ញុំ​បាន​បាត់បង់​អស់​ការភ័យខ្លាច​ដែល​ធ្លាប់មាន​ពីមុនមក​។ គាត់​ជា​ស្វាមី​ដ៏​អស្ចារ្យ សេចក្តីស្រឡាញ់​របស់គាត់​ធ្វើឱ្យ​អ្នកជំងឺ​អស់សង្ឃឹម​ដូចជា​ខ្ញុំ មាន​កម្លាំងចិត្ត​ចង់​រស់​ឡើងវិញ​។ ខ្ញុំ​ឥឡូវ​រស់រានមានជីវិត​ពី​ជំងឺ​ដុះ​សាច់​ខួរក្បាល​ហើយ​។ ពីរ​បី​ថ្ងៃ​ក្រោយមក យើង​ទាំង​ពីរបាន​អង្គុយ​រង់ចាំ​របាយការណ៍​ពិនិត្យ MRI ហើយ​វេជ្ជបណ្ឌិត​ពិតជា​ភ្ញាក់ផ្អើល​ដែល​នាង​ខ្ញុំ​លែងមាន​សញ្ញា​នៃ​ការវិលត្រឡប់​នៃ​ដុំ​សាច់​ខួរក្បាល​ទៀតហើយ​។​

* ក្តី​ស្រឡាញ់​ពិតប្រាកដ អាចធ្វើឱ្យ​អ្វីៗ​អាចទៅរួច​ទាំងអស់​៕ 

adverise with khmeread