មន្ត្រីប៉ូលិសម្នាក់ស្រវឹងបាញ់រះជាង១០គ្រាប់ ចូលផ្ទះគូជម្លោះដើម្បីស្រាយគំនុំចាស់

ភ្នំពេញ ៖ ខ្មាន់កាំភ្លើងម្នាក់ដែលមានមុខងារជានាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀន(ក៤) ស្រវឹងស្រាជោកជាំ ដកកាំភ្លើងAK បាញ់រះស្រោចចូលផ្ទះគូជម្លោះជាង១០គ្រាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទទី២៤ខែមិថុនាឆ្នាំ២០១៩ នៅចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ 

យោងតាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញខ្មាន់កាំភ្លើងជិះរថយន្តម៉ាកហុីយ៉ាន់ដាយស្តារុិច  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AX-9509 មកឈប់នៅចំណុចកើតហេតុ ហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើផ្ទះរងគ្រោះ បណ្តាលឱ្យធ្លុះធ្លាយទ្វារផ្ទះជាច្រើនគ្រាប់ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ រួចបានបើករថយន្តចេញទៅ បន្ទាប់មកទើបប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ។ 

លោកវរសេនីយ៍ឯក  ហួរ ម៉េងវ៉ាង អធិការប៉ូលិសខណ្ឌសែនសុខបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានករណីបាញ់រះខាងលេីនេះភ្លាមៗ លោកបានដឹកនាំកម្លាំង ចុះមកដល់កន្លែងកើតហេតុ និងបានសួរនាំទៅលើម្ចាស់ផ្ទះរងគ្រោះ រួចកំណត់មុខសញ្ញានិងធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សុវណ្ណារា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីប៉ូលិស មានតួនាទីនាយរងការិយាល័យប្រឆាំងគ្រឿងញៀន(ក៤ ) នៅចំណុចផ្ទះមួយកន្លែង ផ្លូវបេតុង ក្រោយផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានដកអាវុធAKស្វាយបត់មួយដើម និងរថយន្ត រួចបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ។ 

លោកអធិការបានបញ្ជាក់បន្តថា​ ករណីបាញ់រះជាច្រើនគ្រាប់នេះ ជារឿងគំនុំចាស់ តែមិនបានបញ្ជាក់ថារឿងគំនុំអ្វីនោះទេ ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...