adverise with khmeread 5

FA Cup៖ Man Utd ធ្វើ​ស៊ី​ក្រុម​ខ្លាំង West Ham បានទេ​យប់​នេះ​?

​    ​យើង​ពិតជា​ពិបាក​យល់​ណាស់​ថា​តើ​ក្រុម​បិសាច​ក្រហម Manchester United នឹងធ្វើ​អ្វី​បន្ទាប់​។ ពួកគេ​មាន​ទម្រង់​លេង​ឡើង​ចុះ​ដ៏​ពិបាក​ស្មាន​ព្រោះ​បី​ប្រកួត​ក្នុងផ្ទះ​ចុងក្រោយ បិសាច​ក្រហម​ធ្វើបាន​យ៉ាង​ល្អ​រួមទាំង​ជ័យជម្នះ ៣-២ ទៅលើ​ក្រុម​កាំភ្លើង​ធំ Arsenal ប៉ុន្តែ​ពួកគេ​បែរជា​ចាញ់ West Brom និង Liverpool ទៅវិញ​។ បិសាច​ក្រហម​បាន​ចាយលុយ​យ៉ាងច្រើន​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ចុងក្រោយ​នេះ ប៉ុន្តែ​សូម្បីតែ​លទ្ធភាព​ឆ្លងទៅ​វគ្គ​បន្ទាប់​នៃ​ក្របខ័ណ្ឌ Europa League ក៏​ហាក់ដូចជា​មិនអាច​ទៅរួច​ដែរ​។ មាន​សំណួរ​ជាច្រើន​ចោទសួរ​អំពី​របៀប​លេង​របស់ Man Utd ដែល​ធ្វើឱ្យ​ប្រិយមិត្ត​ជាច្រើន​មិន​ពេញចិត្ត ដូច្នេះ​តើ​ពួកគេ​នឹង​ប្រើ​វិធីសាស្ត្រ​អ្វី​ដើម្បី​តទល់​នឹង​ក្រុម West Ham ដែល​កំពុង​បង្ហាញ​ទម្រង់​លេង​ដ៏​ទាក់ទាញ​មួយ​នេះ​?

​    ​ក្រុម​ញញួរ​ធំ West Ham កំពុងស្ថិត​ក្នុង​ដំណើរការ ៦ ប្រកួត​មិនទាន់​ចាញ់​នាពេល​បច្ចុប្បន្ន​និង​បានឈ្នះ​ការប្រកួត ៤ លើកចុងក្រោយ​ជាមួយ​គ្រាប់​បាល់​ដល់​ទៅ ១០ គ្រាប់​។ កាលពីដើម​រដូវ​កាល ពួកគេ​បាន​បំបាក់ Arsenal, Liverpool និង Manchester City ហើយ​កាលពីពេល​ថ្មីៗ​នេះ​ពួកគេ​ក៏បាន​បំបាក់​ក្រុម​ខ្លាំង​គួរសម Everton ៣-២ នៅក្រៅ​ផ្ទះ​ទៀតផង​។ ការប្រកួត​ក្រៅ​ផ្ទះ​ក្នុង​លី​ក ៨ លើកចុងក្រោយ West Ham បានទទួល​ជ័យជម្នះ​តែ​ពីរលើក​ប៉ុណ្ណោះ​ប៉ុន្តែ​ពួកគេ​ពិតជា​បាន​យកឈ្នះ Blackburn ក្នុងការ​ប្រកួត FA Cup ក្រៅ​ផ្ទះ​។​

​    ​ការប្រកួត​នេះ​ពិតជា​ពិបាក​ក្នុង​ប៉ាន់​ស្មានថា​នរណា​នឹង​ទទួលបាន​ជ័យជម្នះ​ដោយសារ​ទម្រង់​លេង​មិន​ជាប់លាប់​របស់ Man Utd និង​ទម្រង់​លេង​ឡើង​ចុះ​ក្រៅ​ផ្ទះ​របស់ West Ham​។ ប៉ុន្តែ​នេះ​ជាការ​ប្រកួត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ខណៈ West Ham ជា​ក្រុម​លេង​ណែន​នៅ​ពីមុខ​ទី រីឯ Man Utd ដឹងថា​ត្រូវ​លេង​បុក​ខ្លាំងៗ ព្រោះនេះ​ជា​ឱកាស​តែមួយគត់​ដើម្បី​បានឈ្នះ​ពានរង្វាន់​ក្នុង​រដូវ​កាល​នេះ ដូច្នេះ​ការប្រកួត​នេះ​ក្រុម​ទាំងពីរ​នេះ​គឺ​ពិតជា​អាច​ស៊ុត​បញ្ចូល​ទី​គ្នា​៕

adverise with khmeread

មតិយោបល់