ទំពែកក្បាលអាចនឹងព្យាបាលបានសម្រាប់មនុស្ស បន្ទាប់ពីធ្វើតេស្តបណ្តុះសក់ធម្មជាតិលើសត្វកណ្តុរបានជោគជ័យ

ការព្យាបាលក្បាលទំពែកប្រហែលជាជិតកើតមានឡើងហើយ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវពីរបៀបបណ្តុះសក់ធម្មជាតិក្នុងបរិមាណ "ឥតដែនកំណត់" ចេញពីកោសិកាដើម។

ក្នុងការសិក្សាលើសត្វកណ្តុរ កោសិកាដើមរបស់មនុស្សត្រូវបានផ្សាំភ្ជាប់ទៅនឹងរន្ធតូចឆ្មារ ដែលបន្ទាប់មកត្រូវបានដាក់នៅក្រោមស្បែក និង ធ្វើឱ្យសក់ដុះលូតលាស់ជាធម្មតា។​ ការងារនេះត្រូវបានពណ៌នាថាជា "របកគំហើញដ៏សំខាន់" ដែលអាចជួយមនុស្សរាប់លាននាក់ដែលទំពែកក្បាល ដោយសារហេតុផលច្រើនយ៉ាង ដូចជា អាយុ ហ្សែន ឬ ជំងឺ។ ការធ្វើតេស្តលើកមុនៗបានធ្វើតាមវិធីស្រដៀងគ្នានេះដែរ ប៉ុន្តែមិនអាចគ្រប់គ្រងការដុះសក់បានទេ ប៉ុន្តែលើកនេះក្រុមអ្នកស្រាវជ្រាវអាចសម្រេចវាបានហើយ។

ក្រុមហ៊ុនមួយនៅសហរដ្ឋអាម៉េរិកឈ្មោះថា Stemson Therapeutics បានប្តេជ្ញាចិត្តរួចជាស្រេចដើម្បីអភិវឌ្ឍបច្ចេកវិជ្ជាបណ្តុះសក់ ដែលអ្នកជំនាញសង្ឃឹមថានឹងធ្វើតេស្តលើមនុស្សឆាប់ៗនេះ។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រស្តែនហ្វតបួហាំ បានលាតត្រដាងលទ្ធផលធ្វើតេស្តនេះនៅសន្និសីទរបស់អង្គការសង្គមអន្តរជាតិស្រាវជ្រាវកោសិកាដើម (ISSCR) នៅទីក្រុងឡូសអ៊ែនជេឡេសកាលពីថ្ងៃព្រហស្បតិ៍ទី២៧មិថុនា៕

adverise with khmeread

អ្នកនឹងចូលចិត្ត