អ្នកពន្លត់អគ្គីភ័យប្រុសតែងនិយាយថានាងខ្សោយណាស់មិនអាចធ្វើការងារពន្លត់ភ្លើងបានទេ តែនាងធ្វើឱ្យប្រុសៗភ្ញាក់ផ្អើល ពេលនាងអៀវមិត្តរួមក្រុមប្រុសម្នាក់ចេញពីអគារឆេះមួយ

អ្នកពន្លត់អគ្គីភ័យម្នាក់បានរៀបរាប់ពីរបៀបដែលនាងត្រូវបញ្ចុះបញ្ចូលមិត្តរួមការងារជាប្រុសដែលរើសអើងភេទថា នាងអាចធ្វើការងារពន្លត់អគ្គីភ័យបាន បន្ទាប់ពីពួកគេចាត់ទុកនាងថាខ្សោយពេកមិនអាចធ្វើការនេះបានទេ។

ពេទ្យសង្គ្រោះបន្ទាន់បែមកជាអ្នកពន្លត់អគ្គីភ័យរូបនេះ ឈ្មោះ Presley Pritchard វ័យ ២៤ ឆ្នាំ មកពីទីក្រុង Kalispell ក្នុងរដ្ឋ Montana និយាយថា នាងបានប្រឈមមុខជាមួយនឹងការរិះគន់ នៅពេលនាងចូលរួមជាមួយនឹងសេវាពន្លត់អគ្គីភ័យ ហើយត្រូវបានគេចោទប្រកាន់ថាចូលរួមអង្គភាពនេះដើម្បីតែញ៉ែប្រុសៗ។

ស្ដ្រីម្ដាយកូនពីររូបនេះនិយាយថា នាងជានិច្ចកាលគឺជាអ្នករត់ប្រណាំងវ័យឆ្លាតម្នាក់នៅសាលា ប៉ុន្ដែនាងបានបាត់បង់សាច់ដុំធម្មជាតិរបស់នាង បន្ទាប់ពីផ្ដល់កំណើតកូនទីមួយរបស់នាងនៅអាយុ ១៨ ឆ្នាំ ហើយបាននិយាយថា រាងកាយរបស់នាងបានបង្កឱ្យមានអរិភាពយ៉ាងខ្លាំងពីមិត្តភក្ដិខ្លះរបស់នាង។

ដោយភ័យខ្លាចថានាងមិនត្រូវបានគេជ្រើសរើសឱ្យចូលរួមក្រុមពន្លត់អគ្គីភ័យដោយសារជាស្ត្រីភេទទន់ខ្សោយ នាងក៏បានទៅកន្លែងហាត់ប្រាណ និងចាប់ផ្ដើមលើកដែក រហូតអាចលើកទម្ងន់បានដល់ទៅ ១៣៧ គីឡូក្រាមឯណោះ។

បច្ចុប្បន្នម្ដាយកូនពីររូបនេះ មានមោទនភាពក្នុងការបង្ហាញរាងកាយរឹងមាំលើបណ្ដាញសង្គម Instagram ទៅដល់ស្ដ្រីដទៃទៀត ដើម្បីប្រាប់ថា ពួកគេក៏អាចខ្លាំងបានដែរ គឺត្រូវបន្តប្រឹងប្រែងទៀត។

ហើយនាងក៏បានរៀបរាប់ពីរឿងមួយនៃភ្លើងឆេះអគារ ដែលបុរសរិះគន់នាងបានសន្លប់នៅពេលធ្វើប្រតិបត្តិការ ហើយនាងបានអៀវបុរសនោះចេញពីអគារឆេះ ដើម្បីបង្ហាញឱ្យឃើញថា ពួកគេរិះគន់នាងទន់ខ្សោយ គឺខុសហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត