គាត់សង់វាឡើងក្នុងបំណងល្អទេ ប៉ុន្តែរូបចម្លាក់ជំទាវទីមួយអាមេរិកនេះមើលទៅដូច "ទីងមោង" ជាជាងលោកស្រី Melania Trump

រូបចម្លាក់លោកស្រី Melania Trump ទំហំប៉ុនមនុស្សមែនទែន ដែលសង់ឡើងនៅជាយក្រុង Sevnica ត្រូវបានសម្ពោធកាលពីថ្ងៃសុក្រទី៦កក្កដា។ នេះបើយោងតាមកាសែត The Guardian។ 

រូបចម្លាក់នេះត្រូវបានឆ្លាក់ចេញពីដើមឈើមួយដើមដោយប្រើម៉ាស៊ីនអារឈើ ដោយវិចិត្រករឈ្មោះ Brad Downey ដែលនិយាយថាវាជាវិមានដំបូងគេដែលឧទ្ទិសដល់ភរិយាប្រធានាធិបតីរបស់អាមេរិក។ ចម្លាក់ដើមឈើនេះពណ៌នាលោកស្រី Melania Trump ស្លៀកពាក់ក្នុងឈុតពណ៌ខៀវនិងគ្រវីដៃឆ្វេងរបស់លោកស្រី ដូចដែលលោកស្រីបានធ្វើនៅពិធីឡើងកាន់តំណែងរបស់ប្តីលោកស្រី គឺ លោក Donald Trump ក្នុងឆ្នាំ ២០១៧។

មនុស្សមួយចំនួនចាត់ទុករូបសំណាកនេះថា "ទីងមោង" ដោយសារតែវាមានភាពសាមញ្ញពេក។ លោក Downey បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ខ្ញុំអាចយល់បានថាហេតុអ្វីមនុស្សគិតដូច្នេះ ព្រោះរូបរាងវាមិនដូចលោកស្រីបន្តិចសោះ"។ ទោះយ៉ាងណា លោកនៅតែយល់ឃើញថា រូបសំណាកនេះ "ពិតជាស្រស់ស្អាតខ្លាំងណាស់"។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តរូបចម្លាក់ថ្មីនេះទេ។

អ្នកស្រុកម្នាក់បាននិយាយថា "ប្រសិនបើរូបសំណាកនេះចង់មានន័យថាជាត្រាប់កំប្លែងរិះគន់ នោះវិចិត្រកររូបនេះពិតជាជោគជ័យ។ យើងនៅស្លូវេនីបានត្រឹមតែសើចចុកពោះប៉ុណ្ណោះ ហើយក្នុងពេលដំណាលគ្នានេះ យើងបានយកដៃខ្ទប់ក្បាលរបស់ពួកយើងដោយសារតែកេរ្តិ៍ឈ្មោះអាក្រក់របស់គ្រួសារ Trump"។

អ្នកស្រុកផ្សេងទៀតបានពណ៌នារូបចម្លាក់នេះថាជា "គួរឱ្យអាម៉ាស់" ហើយនិយាយថា វាមើលទៅដូចជា តួគំនូរជីវចលឈ្មោះ Smurf ជាជាងជំទាវទីមួយ Melania Trump៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...