សប្បាយចិត្តទាំងសង្ខាង! មហាសេដ្ឋីមានបំផុតលើពិភពលោកលែងលះប្រពន្ធរួច ត្រូវរបូតទ្រព្យអស់ ៣៨ ពាន់លានដុល្លារ តែនៅអាចរក្សាតំណែងជាអ្នកមានបំផុតទី១ដដែល

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និង លោកស្រី MacKenzie Bezos បានលែងលះគ្នាដាច់ស្រេចកាលពីថ្ងៃសុក្រទី៥កក្កដា ដោយទូទាត់ឱ្យខាងប្រពន្ធនូវទឹកប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ។

នៅក្រោមកិច្ចព្រមព្រៀងនេះ លោកស្រី MacKenzie Bezos អាយុ ៤៩ ឆ្នាំនឹងទទួលបានភាគហ៊ុនចំនួន ១៩,៧ លានសន្លឹកហ៊ុននៅក្រុមហ៊ុន Amazon.com ដោយផ្តល់ឱ្យលោកស្រីនូវភាគហ៊ុនសរុប ៤ ភាគរយនៅក្នុងក្រុមហ៊ុន ក្នុងតម្លៃសរុប ៣៨,៣ ពាន់លានដុល្លារ និងធ្វើឱ្យលោកស្រីជាប់លេខ ២២ នៅលើសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។

ចៅក្រមនៅតំបន់ឃីងខោនធីនៃរដ្ឋវ៉ាស៊ីនតោនបានសម្រេចស្ថាពរលើការលែងលះនេះ។ លោក Jeff Bezos វ័យ ៥៥ ឆ្នាំនឹងកាន់កាប់ភាគហ៊ុនចំនួន ១២ ភាគរយ និង នៅតែជាបុរសមានបំផុតនៅលើពិភពលោក (១៥៨ ពាន់លានដុល្លារ)។

លោកស្រី MacKenzie Bezos ដែលជាអ្នកនិពន្ធរឿងប្រលោមលោក បាននិយាយថា លោកស្រីនឹងប្រគល់ទាំងអស់នូវភាគហ៊ុនរបស់លោកស្រីនៅកាសែត Washington Post និងក្រុមហ៊ុនរុករកអវកាស Blue Origin ឱ្យទៅស្វាមីរបស់លោកស្រីក៏ដូចជាការគ្រប់គ្រងការបោះឆ្នោតលើភាគហ៊ុនដែលនៅសល់របស់ក្រុមហ៊ុន Amazon ផងដែរ។ លោកស្រីក៏បានសន្យាផងដែរថានឹងបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្ដាលឱ្យទៅផ្នែកសប្បុរសធម៌។

ជីវិតផ្ទាល់របស់លោក Jeff Bezos ចាប់ផ្តើមល្បីជាសាធារណៈជាមួយការប្រកាសកាលពីខែមករាថាលោកនិងប្រពន្ធរបស់លោកនឹងលែងលះគ្នា បន្ទាប់ពីរៀបការអស់រយៈពេល ២៥ ឆ្នាំនិងការលាតត្រដាងដោយវេបសាយ National Enquirer ថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអតីតអ្នកអានព័ត៌មាន ឈ្មោះ Lauren Sanchez។

លោក Jeff Bezos និង លោកស្រី MacKenzie Bezos បានរៀបការនៅឆ្នាំ ១៩៩៣ ហើយមានកូនបួននាក់។ លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Amazon នៅក្នុងយានដ្ឋានមួយនៅទីក្រុងស៊ីអាថលក្នុងឆ្នាំ ១៩៩៤ និងបានប្រែក្លាយវាទៅជាក្រុមហ៊ុនមហាយក្សដែលគ្របដណ្តប់ការលក់រាយលើអនឡាញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត