adverise with khmeread Np 20160312 p1 4rq 1196236

អតីត​ដៃគូ​ទិន ហ្វ៊ី​និយាយថា ពួកគេ​អាចធ្វើ​ការ​ជាមួយគ្នា​ជាថ្មី​ម្តងទៀត​

    ​តារាចម្រៀង និង​សម្តែង​ហុងកុង វ័យ ៤៥ ឆ្នាំ​នាង​កា​រ៉ែ​ន ម៉ុក (Karen Mok) ថ្មីៗ​នេះ​បានរួម​ចំណែក​ច្រៀង​ចម្រៀង​បទ You're The Best In The World សម្រាប់​ភាពយន្ត​ល្បី​ចុងក្រោយ​បំផុត​របស់​តួ​ហុងកុង និង​ជា​អ្នកដឹកនាំ​រឿង លោក​ស្តេ​ហ្វិ​ន ចូ​វ ឬ​ហៅថា​ទិន​ហ្វ៊ី គឺ​រឿង The Mermaid​។

​    ​ហើយ​នាង​គ្មានអ្វី​ក្រៅពី​ការសរសើរ​នោះទេ​ចំពោះ​អតីត​មិត្ត​ប្រុស​វ័យ ៥៣ ឆ្នាំ​របស់​នាង ដែល​ខ្លួន​បាន​ទាក់ទង​ស្រឡាញ់គ្នា​អំឡុង​ពាក់កណ្តាល​ទសវត្សរ៍ ១៩៩០​។

​    ​នាង​បាន​សម្តែង​ក្នុង​រឿង​កំប្លែង​មួយចំនួន​របស់​ទិន ហ្វ៊ី ដូចជា​រឿង The God Of Cookery (១៩៩៥) និង​រឿង King Of Comedy (១៩៩៩)​។

​     ការបង្ហាញ​មុខ​ចុងក្រោយ​របស់​នាង​គឺ​នៅក្នុង​ភាពយន្ត​បាល់ទាត់​សៅ​លីង Shaolin Football ឆ្នាំ​២០០១ របស់​ទិន ហ្វ៊ី តែ​សម្តែង​ក្នុងនាម​ជាតា​រា​កិត្តិយស​ប៉ុណ្ណោះ​។

​    ​នាង​ម៉ុក​បាន​និយាយ​ក្នុង​សន្និសីទកាសែត​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា "​ដំបូងបង្អស់ រឿង The Mermaid គឺជា​រឿង​ដ៏​អស្ចារ្យ​។ វា​ល្អមើល​និង​អស់សំណើច​។ ទោះយ៉ាងណា​ស្របពេល​ដំណាលគ្នា​នេះ រឿងនេះ​ក៏បាន​បង្ហាញ​សារ​ការពារ​បរិស្ថាន​ដ៏​មាន​អត្ថន័យ​ផងដែរ​"​។

​    ​នាង​បាន​បន្តថា "​ខ្ញុំ​ខានធ្វើ​ការ​ជាមួយ​ជាមួយ​ស៊ី​ង យ៉េ យូរណាស់​មកហើយ (​ឈ្មោះ​ស្តេ​ហ្វិ​ន ចូ​វ​ដែល​នាង​និយម​ហៅ​ក្នុង​រឿង​"​។

​    ​នាង​បានលើកឡើង​ទៀតថា "​ដូច្នេះ នៅពេល​ខ្ញុំ​បានទទួល​ការអញ្ជើញ​ឱ្យ​ថត​បទ​ចម្រៀង​នេះ ខ្ញុំ​ក៏​ទទួលយក​ភ្លាម​។ វា​ជា​បទ​ឆ្លើយឆ្លង​បែប​ជំនាន់​ដើម​ជា​ភាសា​ចិន​កា​តាំង ហើយ​ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ​នឹង​ច្រៀង​បទ​នេះ​ជាមួយ អា​ដាំ ឆេង ណាស់ (Adam Cheng អតីត​តារាចម្រៀង​មនោសញ្ចេតនា​ជើងចាស់​ហុងកុង​)"​។

​    ​កាលពី​ខែមករា នាង​ម៉ុក​បាន​ថតរូប Selfie ជាមួយ​ទិន ហ្វ៊ី ដោយ​បង្ហាញថា​អ្នក​ទាំងពីរ​គ្មាន​បញ្ហា​ទើសទាល់​ចិត្ត​គ្នា​នោះទេ​។

​    ​កាល​នាង​ស្ថិតនៅ​ហុងកុង​អ្នកកាសែត​សួរ​នាង​ថា តើ​នាង​បាន​សុំ​ផលិតករ​ភាពយន្ត​រូបនោះ​សម្តែង​ក្នុង​គម្រោង​ភាពយន្ត​ខាងមុខ​ដែរឬទេ នាង​បាន​ឆ្លើយតប​ទាំង​ញញឹម​ថា "​ខ្ញុំ​មិនត្រូវ​ការសុំ​គាត់​នោះទេ​។ គាត់​នឹង​មករក​ខ្ញុំ​ប្រសិនបើ​គាត់​ត្រូវការ​ខ្ញុំ​ក្នុង​ភាពយន្ត​របស់គាត់​។ តើន​រណា​ទៅ​ដឹង​ទៅ​? យើង​អាច​នឹង​ធ្វើការ​ជាមួយគ្នា​ម្តងទៀត​ក៏​ថា​បាន​"៕

adverise with khmeread
ប្រភព៖ អេ​ស៊ា​វ័ន​

អ្នកនឹងចូលចិត្ត

មតិយោបល់