លោក Jose Mourinho ច្រានចោលកិច្ចសន្យាដឹកនាំក្លឹបរបស់ចិនជាមួយនឹងប្រាក់ឈ្នួលខ្ពស់បំផុតក្នុងពិភពលោក

តាមព័ត៌មានថា លោក Jose Mourinho បានច្រានចោលការផ្តល់កិច្ចសន្យាដែលមានទឹកប្រាក់៨៨លានផោន ដើម្បីដឹកនាំក្លឹប Guangzhou Evergrande នៅក្របខណ្ឌ Chinese Super League របស់ប្រទេសចិន។

អតីតអ្នកចាត់ការក្លឹប Chelsea រូបនេះមិនទាន់មានការងារធ្វើនៅឡើយ ចាប់តាំងពីត្រូវក្លឹប Man Utd បណ្តេញចេញកាលពីខែធ្នូឆ្នាំមុន។ លោក Mourinho ត្រូវបានផ្តល់ឱកាស ដើម្បីក្លាយជាអ្នកចាត់ការដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងវិស័យបាល់ទាត់ពិភពលោក ប៉ុន្តែលោកបានបដិសេធ។

មានការអះអាងថា ក្លឹប Guangzhou ដែលបច្ចុប្បន្នកំពុងត្រូវបានបង្វឹកដោយលោក Fabio Cannavaro ជាជើងឯកវើលខាប់នោះ មានបំណងផ្តល់ប្រាក់ឈ្នួល២៨លានផោនក្នុងមួយរដូវកាល បូកប្រាក់លើកទឹកចិត្តផងដែរ។

មានសេចក្តីរាយការណ៍ផងដែរថា លោក Mourinho អាចធ្វើការជ្រើសរើសរយៈពេលនៃកិច្ចសន្យានេះ។ គេជឿថា លោក គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះបានជួបជាមួយមហាសេដ្ឋីចិន Xu Jiayin នៅទីក្រុងឡុងដ៍កាលពីខែមេសា។

ប៉ុន្តែតាមសេចក្តីរាយការណ៍ជាច្រើនថា លោក Mourinho បានប្រកាសថា លោកចង់ពិចារណាដឹកនាំក្រុមជម្រើសជាតិ ៕

adverise with khmeread
tiger
Loading ad ...