នាវាស៊ើបការណ៍របស់ចិនត្រូវគេលួចតាមដាន ខណៈវាធ្វើដំណើរឆ្ពោះទៅមើលសមយុទ្ធយោធារបស់អូស្ត្រាលីនិងអាមេរិក

ក្រុមមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទទី៨កក្កដថា ពួកគេបានតាមដាននាវាស៊ើបការណ៍របស់ចិនមួយគ្រឿង ដែលគ្រោងនឹងឈរជើងនៅកៀកព្រំដែនទឹកដីរបស់ខ្លួនដើម្បីឃ្លាំមើលសមយុទ្ធយោធារវាងអូស្រ្តាលីនិងសហរដ្ឋអាមេរិក។

កងយោធាអូស្ត្រាលីនិងអាមេរិកចំនួន ២៥.០០០ នាក់នៅលើនាវាចម្បាំងជាច្រើនគ្រឿង ដែលផ្ទុកទៅដោយយន្ដហោះប្រយុទ្ធ នឹងចូលរួមសមយុទ្ធទ្វេភាគី ហៅថា Talisman Saber នៅខែក្រោយ។

ឧត្តមសេនីយ៍ឯក Greg Bilton ប្រធានប្រតិបត្ដិការរួមគ្នានៅកងកម្លាំងការពារអូស្ត្រាលីបាននិយាយថា នាវាស៊ើបការណ៍ចិនប្រហែលជាធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រភាគឦសានរបស់អូស្រ្តាលីដើម្បីមើលដោយផ្ទាល់នូវសមយុទ្ធយោធានេះ។

លោក Bilton បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង Brisbane ដែលជារដ្ឋធានីរបស់រដ្ឋ Queensland ថា "យើងកំពុងតាមដានវា។ យើងមិនទាន់ដឹងពីទិសដៅរបស់វានៅឡើយទេ ប៉ុន្តែយើងសន្មត់ថា វានឹងឆ្ពោះទៅឆ្នេរសមុទ្រខាងកើតនៃរដ្ឋ Queensland ហើយយើងនឹងចាត់វិធានការសមស្រប"។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនបានជួបភាពជូរចត់ក្នុងប៉ុន្មានខែថ្មីៗនេះចំពេលមានសង្រ្គាមពាណិជ្ជកម្មនិងការអះអាងកាន់កាប់របស់ចិនលើតំបន់ប៉ាស៊ីហ្វិក ដែលគ្របដណ្ដប់ដោយសំណង់កោះសិប្បនិម្មិតរបស់ប៉េកាំងនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ៕ ប្រភព៖ South China Morning Post

 

adverise with khmeread

អ្នកនឹងចូលចិត្ត