ខែមុនបបួល Tom Cruise វាយគ្នាដាក់ទ្រុង ខែនេះមិនអស់ចិត្ត Justin Bieber បបួលតារាក្នុងរឿង Mission Impossible ទាត់គាស់គម្របដបវិញម្តង

តារាចម្រៀងល្បីកាណាដា Justin Bieber អាយុ ២៥ ឆ្នាំបានបង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គមកាលពីដើមរដូវក្តៅនេះ នៅពេលដែលរូបគេបបួល Tom Cruise វ័យ ៥៦ ឆ្នាំតារាសម្តែងក្នុងរឿង Mission Impossible ប្រកួតគ្នាដាក់ទ្រុងនៅសង្វៀន UFC Octagon។ បើទោះបីនិមិត្តរូបចម្រៀងប៉ុបរូបនេះក្រោយមកបានដកពាក្យសម្តីនេះចេញវិញក៏ដោយ ក៏ប៉ុន្តែរូបគេនៅតែមិនបោះបង់ចោលនូវគំនិតក្នុងការប្រយុទ្ធគ្នាជាមួយនឹងតារាសម្តែងហូលីវូដល្បីល្បាញ ដែលល្បីខាងសម្តែងគ្រោះថ្នាក់រូបនេះ។

តារាចម្រៀងនិមិត្តរូបយុវវ័យរូបនេះបានចូលរួមក្នុងការប្រជែងទាត់គម្របដប (ឬហៅ ល្បែង Bottle Cap Challenge) ដែលកំពុងល្បីខ្លាំងនៅរដូវក្តៅនេះ ដោយចាប់ផ្តើមនូវការបបួលប្រឈមមុខគ្នាជាលើកទីពីរជាមួយ Tom Cruise។ តារាចម្រៀងរូបនេះបានបង្ហោះវីដេអូខ្លួនឯងកំពុងទាត់គាស់គម្របដបមួយ បន្ទាប់ពីនិយាយថា "នេះអាចជាក្បាលរបស់ Tom Cruise"។ នៅក្នុងចំណងជើងសរសេរនៅខាងក្រោមវីដេអូនោះ ប៊ីបឺបានបបួលប្រពន្ធខ្លួនឯង គឺតារាបង្ហាញម៉ូត Hailey Bieber (ហៅក្រៅថា Baldwin) និង Tom Cruise តារាសម្តែងក្នុងរឿង Top Gun ឱ្យចូលរួមជាមួយការប្រជែងទាត់គម្របដបនេះដែរ។

សកម្មភាពប្រឈមមុខគ្នាដ៏កំប្លែងរវាងតារាចម្រៀងប៉ុបវ័យ ២៥ ឆ្នាំ និង តារាហូលីវូដដែលមានវ័យចាស់ជាង Bieber ៣១ ឆ្នាំ បានកើតឡើងកាលពីខែមិថុនា នៅពេល Bieber និយាយថា រូបគេចង់បបួល Tom Cruise វ៉ៃគ្នាដាក់ទ្រុង៕

adverise with khmeread