ដោយសារពាក្យដ៏ធ្ងន់ធ្ងរមួយម៉ាត់របស់ Messi អាចឱ្យកីឡាកររូបនេះជាប់បំរាមអន្តរជាតិ ២ ឆ្នាំ

កីឡាករកំពូល Lionel Messi កំពុងប្រឈមនឹងបម្រាមមិនឲ្យប្រកួតជាលក្ខណៈអន្តរជាតិពីរឆ្នាំ បន្ទាប់ពីការអត្ថាធិប្បាយក្រោយពេលក្រុមអាហ្សង់ទីនឈ្នះក្រុមស៊ីលី ដើម្បីគ្រងតំណែងលេខ៣នៅក្របខណ្ឌប្រកួត Copa America ។ 

ក្រុមអាហ្សង់ទីនប្រកួតចាញ់គូប្រជែងប្រេស៊ីលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមប្រេស៊ីលបន្តយកឈ្នះក្រុមប៉េរូនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ 

Messi ត្រូវបានបណ្តេញចេញ អំឡុងពេលប្រកួតជាមួយក្រុមស៊ីលីយកលេខ៣ ដោយសារប៉ះទង្គិចជាមួយកីឡាករ Gary Medel ដែលក្នុងនោះ Medel ហាក់ដូចជាបង្ហាញភាពឌឺដង ប៉ុន្តែអាជ្ញាកណ្តាលបានសម្រេចបណ្តេញកីឡាករទាំងពីរចេញ។ 

Messi បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយការប្រកួត ដោយអះអាងថា ការប្រកួតនេះត្រូវបានរៀបចំឡើង ដើម្បីឲ្យក្រុមប្រេស៊ីលលើកពាន។ កីឡាករកំពូលរបស់ក្លឹប Barcelona រូបនេះបាននិយាយថា “គ្មានអ្វីដែលត្រូវសង្ស័យទេ។ អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំសម្រាប់ប្រេស៊ីល។ ខ្ញុំសង្ឃឹមថា VAR និងអាជ្ញាកណ្តាលគ្មានតួនាទីអ្វីនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះទេ ហើយថា ក្រុមប៉េរូអាចប្រកួត ប៉ុន្តែវាមើលទៅដូចជាពិបាកណាស់ចំពោះខ្ញុំ”។ 

Messi បានបន្តថា “ខ្ញុំមិនចង់ក្លាយជាផ្នែកនៃអំពើពុករលួយនោះទេ។ យើងមិនគួរជាផ្នែកនៃរឿងដែលយើងជួប អំឡុងការប្រកួត Copa America ។ យើងអាចទៅឆ្ងាយជាងនេះ ប៉ុន្តែយើងមិនត្រូវបានអនុញ្ញាតឈានទៅវគ្គផ្តាច់ព្រ័ត្រ។ អំពើពុករលួយ អាជ្ញាកណ្តាលនិងបញ្ហាផ្សេងទៀតបានរារាំងគ្រប់គ្នាមិនឲ្យសប្បាយជាមួយនឹងបាល់ទាត់នេះ”។ 

យោងបទបញ្ញត្តិរបស់សមាគម CONMEBOL ហាមឃាត់ការប្រមាថតាមគ្រប់មធ្យោបាយឬឥរិយាបថមិនសមរម្យដែលសមាគមនេះអាចដាក់បម្រាមរហូតដល់២ឆ្នាំ។ 

ប្រសិនបើជាប់បម្រាម២ឆ្នាំមែននោះ Messi នឹងខកខានការប្រកួតវើលខាប់ឆ្នាំ២០២២ ព្រមទាំងការប្រកួតក្របខណ្ឌ Copa America ឆ្នាំក្រោយនៅប្រទេសអាហ្សង់ទីននិងកូឡុំប៊ីផងដែរ៕ 

adverise with khmeread
tiger
Loading ad ...