កាលពី១២.០០០ឆ្នាំមុន សាកសពរបស់មនុស្សអាស៊ីឋានៈខ្ពង់ខ្ពស់ និងមានស្តុកស្តម្ភសុទ្ធតែត្រូវទាញលលាដ៍ក្បាលឱ្យពយបែបនេះ ដើម្បីឱ្យមើលឆាប់ដឹងថាជាខ្មោចអ្នកមាន

កំណាយផ្នូរបុរាណចិនបានលាតត្រដាងពីលលាដ៍ក្បាលមនុស្សចាស់បំផុត ដែលគេកែកុនរូបរាងឡើងវិញដោយចេតនា សម្រាប់ជាផ្នែកមួយនៃពិធីបុណ្យបែបសាសនាដើម្បីបង្ហាញពីឋានៈនិងទ្រព្យសម្បត្តិ។

នៅទីតាំងកំណាយឈ្មោះថា Houtaomuga ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញគ្រោងឆ្អឹងចំនួន ២៥ ដែលមានអាយុកាលចន្លោះពី ៥.០០០ ទៅ ១២.០០០ ឆ្នាំមុន ហើយលលាដ៍ក្បាលចំនួន ១១ មានរាងពយដូចស៊ុត។

ការអនុវត្តកែកុនលលាដ៍ក្បាលដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ក្រុមមនុស្សឬឋានៈសង្គមនេះ ដំបូងឡើយត្រូវគេគិតថាមានអាយុកាលចន្លោះពី ៩.០០០ ទៅ ១០.០០០ ឆ្នាំមុន។

ការកែរូបរាងលលាដ៍ក្បាលនេះគឺជារឿងធម្មតានៅក្នុងវប្បធម៌កុលសម្ព័ន្ធជាច្រើននៅជុំវិញពិភពលោកដូចជាម៉ាយ៉ាន ជនជាតិដើមអាមេរិកខាងជើង និង ជនជាតិដើមកកើតដំបូងបង្អស់លើពិភពលោក។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Texas A&M University នៅទីក្រុងដាឡាស និយាយថា លលាដ៍ក្បាល ៥ ក្នុងចំណោមនោះគឺជាលលាដ៍ក្បាលរបស់មនុស្សពេញវ័យ ក្នុងនោះមានបុរស ៤ នាក់និងស្ត្រីម្នាក់។ អាយុនៃអ្នកស្លាប់សម្រាប់លលាដ៍ក្បាលទាំង ១១ ត្រូវបានប៉ាន់ប្រមាណថាមានចាប់ពី ៣ ឆ្នាំរហូតដល់ ៤០ ឆ្នាំ។

យោងតាមការសិក្សា ការទាញលលាដ៍ក្បាលឱ្យពយបែបនេះគឺធ្វើឡើងតែសម្រាប់បុគ្គលដែលមានឋានៈខ្ពង់ខ្ពស់និងក្រុមគ្រួសារជាក់លាក់មួយចំនួនប៉ុណ្ណោះ។

លលាដ៍ក្បាលកែកុនរបស់ក្មេងអាយុ ៣ ឆ្នាំម្នាក់ត្រូវបានគេកប់ជាមួយនឹងគ្រឿងស្មូននិងវត្ថុបុរាណដទៃទៀត ដែលបង្ហាញថា ក្មេងនោះគឺមកពីគ្រួសារអ្នកមានស្តុកស្តម្ភ។ លលាដ៍ក្បាលរបស់ស្ត្រីម្នាក់នោះគឺមានគ្រឿងលម្អធ្វើពីសំបកខ្យងដាក់នៅជុំវិញខ្លួនរបស់នាង ដែលបង្ហាញថា នាងមានឋានៈខ្ពង់ខ្ពស់។

បុរាណនរវិទូ ឈ្មោះ Qian Wang និយាយថា "វាដូចជាឆាប់ពេកដែលប្រាប់ថាតើការទាញលលាដ៍ក្បាលឱ្យពយកើតឡើងដំបូងគេចេញពីអាស៊ីបូព៌ា និងរាលដាលទៅកន្លែងផ្សេងទៀត ឬ មានប្រភពដើមឯករាជ្យពីកន្លែងផ្សេងទៀតឬយ៉ាងណានោះ"។ 

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការកែកុនលលាដ៍ក្បាលឱ្យចេញរាងទ្រវែងដូចស៊ុតនេះបានកើតឡើងជាយូរលង់ណាស់មកហើយនៅទីតាំងកំណាយ Houtaomuga គឺយូរជាងទីតាំងកំណាយបុរាណវិទ្យាដទៃទៀតលើពិភពលោក។ ការកែរូបរាងលលាដ៍ក្បាលមិនមែនជាបាតុភូតថ្មីនោះទេ។ ការកែលលាដ៍ក្បាលពីសម័យបុរាណគឺមានបីទម្រង់ គឺ រាងសំប៉ែត្រ រាងមូល ឬ រាងទ្រវែងដូចស៊ុត៕ 

adverise with khmeread
tiger
Loading ad ...