បន្ទាប់ពីអ៊ីរ៉ង់ព្រមានកម្ទេចអ៊ីស្រាអែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានវិញថា យន្តហោះចម្បាំងរបស់ខ្លួនអាចទៅដល់ទឹកដីអ៊ីរ៉ង់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអង្គារទី៩កក្កដាថា យន្ដហោះចម្បាំងអ៊ីស្រាអែលអាច "ទៅដល់គ្រប់ទីកន្លែងនៅមជ្ឈិមបូព៌ារួមទាំងអ៊ីរ៉ង់ផងដែរ" នៅក្នុងសេចក្តីអត្ថាធិប្បាយចុងក្រោយរបស់គាត់ដែលសំដៅចំៗទៅលើសត្រូវរបស់ប្រទេសគាត់។

ខណៈកំពុងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសមួយ កន្លែងដែលគាត់ត្រួតពិនិត្យមើលយន្ដហោះ F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin លោក Benjamin Netanyahu បានបញ្ចេញវីដេអូមួយដោយមានយន្តហោះជាច្រើនគ្រឿងនៅពីក្រោយខ្នងគាត់។

លោក Benjamin Netanyahu បាននិយាយនៅឯមូលដ្ឋានអាកាស Nevatim នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលថា "ថ្មីៗនេះអ៊ីរ៉ង់បានគំរាមបំផ្លាញអ៊ីស្រាអែល។ គេគួរតែចាំថាយន្តហោះទាំងនេះអាចទៅដល់គ្រប់ទីកន្លែងនៅមជ្ឈិមបូព៌ារួមទាំងអ៊ីរ៉ង់និងជាពិសេសស៊ីរី"។

លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការចេញសេចក្តីថ្លែងការណ៍ទាំងនោះកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដើម្បីចាប់ផ្តើមរំលោភលើការប្តេជ្ញាចិត្តមួយចំនួនដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោកនិងការវាយប្រហារនាវាដឹកប្រេងនៅក្នុងឈូងសមុទ្រពែក្ស ដែលអ៊ីស្រាអែលនិងអាមេរិកស្តីបន្ទោសលើអ៊ីរ៉ង់។

កាលពីថ្ងៃអាទិត្យ លោក លោក Benjamin Netanyahu បានហៅការប្រកាសមួយដោយអ៊ីរ៉ង់ថាអ៊ីរ៉ង់នឹងធ្វើលើសដែនកំណត់នៃសារជាតិអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច ដែលត្រូវបានកំណត់ដោយកិច្ចព្រមព្រៀង ថាជា "ជំហានគ្រោះថ្នាក់ខ្លាំង"។ លោកបានទទូចដល់បណ្តាប្រទេសអឺរ៉ុបឱ្យដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដើម្បីជាការឆ្លើយតប។

កាលពីថ្ងៃចន្ទ អ៊ីរ៉ង់បានរំលោភបំពានលើដែនកំណត់នេះ ខណៈដែលខ្លួនកំពុងព្យាយាមជំរុញភាគីដទៃទៀតឱ្យរក្សាជំហរចរចារបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោក Netanyahu បានជំទាស់នឹងកិច្ចព្រមព្រៀងនេះនិងបានជំរុញឱ្យប្រធានាធិបតីអាមេរិកលោក Donald Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដែលទីបំផុតគាត់បានធ្វើតាមមែន។

អ៊ីស្រាអែលក៏បានធ្វើការវាយប្រហាររាប់រយដងផងដែរនៅក្នុងប្រទេសជិតខាងស៊ីរី ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួននិយាយថាជាគោលដៅយោធារបស់អ៊ីរ៉ង់និងក្រុមហេសប៊ូឡា។

អ៊ីស្រាអែលបានប្តេជ្ញាថានឹងទប់ទល់អ៊ីរ៉ង់ ដែលបានគាំទ្រប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសខ្លួន មិនឱ្យពង្រឹងយោធានៅទីនោះបានឡើយ។ ហើយកាលពីខែឧសភាឆ្នាំ ២០១៨ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានក្លាយជាប្រទេសដំបូងគេ ដែលប្រើយន្តហោះ F-35 នៅក្នុងការប្រយុទ្ធ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab